(កំពង់ធំ)៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលការិយាល័យ​ចរាចរណ៍ផ្លូវគោក នាំយកថវិកា និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខលោក ព្រិន្ទបាលទោ កាន ច័ន្ទរាជសីបុត្រ អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមក រស់នៅភូមិ ព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាឱកាសនោះលោក អ៊ុក កុសល បានសម្តែងនូវភាពសោកស្តាយ និងចូលរួមរំលែកទុក្ខដោយក្រៀមក្រំដល់រូបលោក កាន ច័ន្ទរាសីបុត្រនិង គ្រួសារដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងទៅ។

លោកបានលើកឡើងប្រកបដោយភាពលើកទឹកចិត្ត ក្នុងការប្រកបរបរចិញ្ជឹមជីវិត ដោយមិនត្រូវអស់សង្ឃឹមឡើយ ការជួបជុំតែងតែជួបនូវជម្ងឺ និងបញ្ហាផ្សេងៗ ហើយថវិកា និងសម្ភារទាំងអស់នេះ ក្នុងគោលបំណងជួយសម្រួលដោះស្រាយ និងជាការរំលែកនូវសេចក្តីទុក្ខលំបាកដោយមិនមាន ភាពរើសអ៊ើង និងជួយសម្រួលដោះស្រាយដល់ការលំបាកបានមួយគ្រាផងដែរ។

ចុងក្រោយ លោកបានប្រសិទ្ធពរឲ្យលោក កាន ច័ន្ទរាសីបុត្រ ខិតខំប្រឹងប្រែងព្យាលបាល ដើម្បីឆាប់បានជាសៈស្បើយពីជំងឺ ម្យ៉ាងវិញទៀត ត្រូវខិតខំពិសារអាហារឲ្យបានច្រើនដើម្បី ឲ្យមានសាច់ឈាមស្រស់ថ្លា ឆាប់មានកម្លាំង។

លោក កាន ច័ន្ទរាជសីបុត្រ បានសម្តែងសេចក្តីថ្លែងអំណរអគុណ ដល់ថ្នាក់ដឹកនាំនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ដែលតែងតែគិតគូរ ពីសេចក្តីទុក្ខលំបាករបស់មន្ត្រី ដែលជួបនូវបញ្ហានិងមានជីវភាពខ្វះខាត៕