(ព្រះសីហនុ)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ជា សុខហៀង នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញ​ដីកាសម្រេចឃុំខ្លួនបុគ្គលឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រមូលប្រជាពលរដ្ឋ ទៅសង់ខ្ទម​រំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ ព្រមទាំង បានតាំងខ្លួនឯង ជាមេបញ្ជាការរងកងអង្គរក្ស​សម្តេចនាយករដ្ឋមន្រ្តី ពាក់ផ្កាយ២ទៀតផង។

បើតាមយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន​របស់លោកចៅក្រម បានបញ្ជាក់ថា ជននេះត្រូវបានចោទប្រកាន់ពីបទ «ធ្វើសកម្មភាពបង្កើតឲ្យមាន​ការយល់ច្រឡំ ជាមួយការបំពេញ មុខងារសាធារណៈ, ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត​ដែលមានសញ្ញាសម្គាល់ប្រើប្រាស់​ដោយ​នគរបាល ឬយោធា និងបទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ» ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីអំឡុងមុនខែកក្កដា ឆ្នាំ២០១៧ តាមមាត្រា៦១០, មាត្រា៦១៥ និងមាត្រា៦២១ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា បុគ្គលម្នាក់ឈ្មោះ «យូ ណារិន» ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១​៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ហើយក្រោយសួរនាំបុគ្គលនេះមានឈ្មោះពិត «ង៉ែត សារិន» អាយុ៤៧ឆ្នាំ មុខរបរទិញលក់ដី មានទីលំនៅ​បច្ចុប្បន្នភូមិ៤ ឃុំទំនប់រលក ​ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។

គួររំលឹកថា នាពេលថ្មីៗកន្លងទៅនេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលអះអាងថា ជាឧត្តមសេនីយ៍ទោ នៅបញ្ជាការដ្ឋានអង្គរក្ស ហើយប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។

បើតាមការលួចបង្ហើបពីសមត្ថកិច្ច បុគ្គលរូបនេះបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅបោកលុយគេជាច្រើននាក់ ខ្លះអស់រាប់ម៉ឺនដុល្លារទៀតផង៕