(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាព នៃបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ខណៈចំនួនប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត មិនមានទិន្នន័យច្បាស់លាស់នៅឡើយទេ ពោលត្រូវរងចាំការបញ្ជូនទិន្នន័យពីថ្នាក់ឃុំ-សង្កាត់មកសិន។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដែលបានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា «គ.ជ.ប នឹងចាប់ផ្ដើមធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី០៩ វិច្ឆិកា ហើយកាលបរិច្ឆេទនេះ មិនប្រែប្រួលទេ»។

លោកបន្តថា ចំពោះនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ មិនខុសគ្នាច្រើនទៅនឹងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ ប៉ុន្មានទេ ពោលដើម្បីចុះឈ្មោះបាន ពលរដ្ឋម្នាក់ៗត្រូវមាន «អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ» តែបើគ្មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋសាម៉ីត្រូវទៅសុំ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះឆ្នោត» ដោយនាំទាំងសាក្សីចំនួន ២រូប រួមជាមួយរូបថត៣គុណ៤ចំនួន ៣សន្លឹង ទៅបញ្ជាក់ ជាមួយផងដែរ។

តែទោះជាយ៉ាងណា នីតិវិធីថ្មីនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ មិនទាន់អនុម័តដោយសមាជិកទាំង៩រូបរបស់ គ.ជ.ប នៅឡើយទេ ព្រោះកំពុងបន្ថែមនីតិវិធីមួយចំនួន និងត្រួតពិនិត្យឲ្យបានហ្មតចត់ជាមុនសិន។

សូមរំឭកថា កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ក្នុងនោះប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតមានប្រមាណ ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ។ ដោយឡែក ចំនួនប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត និងគ្រប់យូរហើយតែមិនចុះឈ្មោះបោះឆ្នោតនោះ គ.ជ.ប មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលគឺត្រូវរងចាំការបញ្ជូនទិន្នន័យពីថ្នាក់ឃុំ-សង្កាត់ឲ្យចប់សព្វគ្រប់ និងត្រឹមត្រូវជាមុនសិន។

គ.ជ.ប បានប្រកាសជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១,៦៤៦ក្រុម ស្មើនឹងចំនួន ៣,៤៩២នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ តាមរាជធានី-ខេត្តទាំង២៥ សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ផងដែរ។

គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវត្រៀមខ្លួនក្នុងការទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ៕