(ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងឲ្យដឹងថា ការ​ណែនាំសម្រាប់ការដាក់បញ្ចូល​ ការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីសម្រេចបានលទ្ធផល គ្មានការចម្លងមេរោគអេដស៍ នៃគោលនយោបាយ​ ភូមិឃុំ​មានសុត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុទ្ធនាការប្រយុទ្ធ​ប្រឆាំងនឹងជំងឺអេដស៍ ដែលមានអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកជាមួយគ្នា ជាពិសេស​គឺក្រសួងមហាផ្ទៃ ដែលមានកម្លាំងនៅទូទាំងប្រទេស ជាអ្នកដើរតួនាទីយ៉ាងសំខាន់ ជាមួយ​ប្រជាពលរដ្ឋផ្ទាល់។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​នឹងជំងឺអេដស៍ផ្ទាល់ ដោយមានតំណាងពីភាគីជាច្រើន​ចូលរួម ក្នុងនោះមានក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្រ្តីពាក់ព័ន្ធជាច្រើន​រូបទៀត។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងឲ្យដឹងទៀតថា គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព មានចំនួន៩ចំណុចរួចមកហើយ ហើយការដាក់បញ្ចូល​ ការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយ ភូមិ-ឃុំ​ មានសុវត្ថិភាពនៅពេលនេះ គឺក្លាយជាចំណុចទី១០ ដែលមានសារសំខាន់មួយ សម្រាប់ការអនុវត្ត​ឲ្យមាន​ប្រសិទ្ធភាព និងជាការពង្រឹងផ្នែក​​សេវាកម្មសុខាភិបាល ជាទូទៅ ជាពិសេស​​ គឺការឆ្លងរីករាលដាល នៃជំងឺអេដស៍។

លោកបានសង្កត់ធ្ងន់ថា ផ្អែកតាមតួលេខ ការប្រយុទ្ធប្រឆាំងនៃឆ្លងរីករាលដាល នៃជំងឺអេដស៍ គឺយើងទទួលបានជោគជ័យ លើសពីការរំពឹងទុក និងមានការកោតសរសើរ ពីអង្គការសហប្រជាជាតិ។ ជាក់ស្ដែងអត្រានៃការឆ្លង គឺធ្លាក់ចុះនៅក្រោម១% នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ បើទោះបីជាជំនួយពីស្ថាប័នអន្តរជាតិ មានការថយចុះក្ដី។​ ការដាក់បញ្ចូលការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺមានគោលដៅចង់ឲ្យថ្នាក់មូលដ្ឋាន មានភូមិ ឃុំ-សង្កាត់ មានការគាំទ្រ។ យើងចង់ឃើញអាជ្ញាធរនៅតាមមូលដ្ឋាន ក្ដាប់សភាពការណ៍បាន ជាពិសេស​គឺអ្នកសេពគ្រឿងញៀន ព្រោះពួកគេដឹងថា នៅកន្លែងណា​មានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ មានស្រ្តីបំរើសេវាកម្មផ្លូវភេទជាដើម។ ដូច្នេះទើបមានកិច្ចប្រជុំថ្ងៃនេះ ដើម្បីទទួលយកផែនការ​ យកទៅអនុវត្តដល់ថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា យោងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានណែនាំ ចេញ​ផ្សាយកាលពីចុងឆ្នាំ២០១៣ គឺបានណែនាំដល់អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​ នឹងជំងឺអេដស៍, ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រសួងមហាផ្ទៃ​ និងស្ថាប័នពាក់ព័ន្ធ ឲ្យបង្កើតបរិយាកាសគាំទ្រ សម្រាប់ប្រជាជនប្រឈមមុនខ្ពស់ រួមមានស្រ្តី​បំរើសេវាកម្មផ្លូវភេទ សេវាកម្មកម្សាន្ត បុរសរួមភេទជាមួយបុរស អ្នកប្ដូរភេទ និងអ្នកចាក់ថ្នាំញៀនជាដើម ដើម្បីឲ្យមានលទ្ធភាពទទួលបាន សេវាព្យាបាល​ទូលំទូលាយ ទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍៕