(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០១៧ បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៧ នេះកម្ពុជាបាននាំចេញជ័រកៅស៊ូបាន៦៩,៩៨២តោន កើនឡើងបាន៣៧ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា ចំណូលបានពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានចំនួន១២៣,៩៥០,៩៦៨ដុល្លារ ដែលតម្លៃជាមធ្យម១,៧៧១ដុល្លារក្នុង១តោន ខណៈរយៈពេលដូចគ្នាឆ្នាំ២០១៦ កម្ពុជានាំចេញ​កៅស៊ូបានជាង៥ម៉ឺនតោន ទទួលចំណូលបានជាង៥១លានដុល្លារអាមេរិក។

លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ឲ្យដឹងថា តម្លៃកៅស៊ូនៅឆ្នាំនេះ បានហក់ឡើងខ្លាំងរហូតទៅដល់ជាង៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដោយជាមធ្យមតម្លៃកៅស៊ូ លក់បានតម្លៃ១,៧៧១ដុល្លារ​ក្នុងមួយតោន ខណៈដែលឆ្នាំ២០១៦ បានត្រឹមតែប្រមាណ១ពាន់ដុល្លារប៉ុណ្ណោះ។

សូមជម្រាបថា កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជា​បាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង១៨០លានដុល្លារ។

គិតត្រឹមចុងឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីកៅស៊ូចំនួន ៤៣១,៣៣២ហិកតា ក្នុងនោះផ្ទៃដីចំការកៅស៊ូ កសិឧស្សាហកម្ម ចំនួន២៧៦,៨៧៨ហិកតា ស្មើនឹង៦៤.១៩ភាគរយ និងផ្ទៃដីចំការកៅស៊ូគ្រួសារចំនួន ១៥៤,៤៥៥ហិកតា ស្មើនឹង៣៥.៨១ភាគរយ។ ចំពោះផ្ទៃដីកៅស៊ូជៀរជ័រមានចំនួន ១២៧,២៧២ហិកតា៕