(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលនៅថ្ងៃនេះបន្តរកឃើញកន្លែងលក់ប្រេងឥន្ធនៈមួយកន្លែងទៀត ឈ្មោះថា «ដេប៉ូ LIM LONG» ស្ថិតតាមបណ្តោយផ្លូវហាណូយ លក់ប្រេងមិនគ្រប់តាមកុងទ័រនោះឡើយ ហើយបន្លំសាំងធម្មតា ថាជាសាំងស៊ុបពែរថែមទៀតផង។

ការរកឃើញនេះបន្ទាប់ពីលោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានបានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ នៃអគ្គនាយកដ្ឋានកាំកុងត្រូលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយចំនួនស្ថិតនៅតាមវិថីមិត្តភាពកម្ពុជា-វៀតណាម ហៅផ្លូវហាណូយ ក្នុងខណ្ឌសែនសុខ។

លោក គឿន ភិរុណ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយចំនួន ០៣ទីតាំង រកឃើញស្ថានីយ០២ទីតាំង មានអនុលោមភាពលើផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈ។ លើកលែងតែដេប៉ូ ០១កន្លែងទៀត គឺដេប៉ូ LIM LONG នៅផ្លូវហាណូយ ដែលមានកង្វះបរិមាណប្រេងមិនឆ្លើយតបនឹងលេខកុងទ័រ ហើយលក់ប្រេងសាំងធម្មតាជាសាំងស៊ុបពែរ។

លោក គឿន ភិរុណ បន្តថា ក្រោយរកឃើញដូច្នេះមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ មន្រ្តីត្រួតពិនិត្យ ក៏បានណែនាំឲ្យម្ចាស់ដេប៉ូលក់សាំងស៊ុបពែរដែលមានសន្ទស្សន៍អុកតាន៩៥ពិតបា្រកដ។ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូខាងលើគឺដាក់លក់ត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper(95)និងRegular(92)។

លោក គឿន ភិរុណ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការអនុវត្តន៍ច្បាប់។

លោក ភិរុណ ក៏បានស្នើដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ឲ្យពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ពោលត្រូវជ្រើសរើសក្រុមហ៊ុនទុកចិត្តប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មីផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ៕