(ភ្នំពេញ)៖ បុរសម្នាក់ទៀតដែលបានបង្ហោះសារគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមគ្រួសារនៅលើបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ក្រោយពេលបង្ហោះសារនេះតាមមួយថ្ងៃ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយព្រះរាជអាជ្ញាសម្រេចធ្វើការចោទ ប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ហើយបានសម្រេចបញ្ជូនជននេះ ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ នេះបើតាមយោងតាមលោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ផ្កាយ៣ ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ មានគណនី Facebook មួយឈ្មោះថា «សឿន ខេត្តកណ្ដាល» បានបង្ហោះខ្លឹមសារគំរាមសម្លាប់ សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដោយភ្ជាប់រូបកាំភ្លើងទៀតផង។

ក្រោយទទួលបានករណីនេះភ្លាម កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពី លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនោះ បានបើកការស្រាវជ្រាវជាបន្ទាន់ ហើយឈានទៅដល់ការចាប់ខ្លួន ជនល្មើសបាន នៅថ្ងៃទី១៧ ខែកក្កដាតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ ជនសង្ស័យរូបនេះ រ៉ុម ចំរើន ហៅបុត្រ វីរៈ អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិឃ្លាំង ឃុំតាអុក ស្រុកពញាឮ ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅ ភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មុខរបរជាកសិករ ប៉ុន្ដែជននេះធ្លាប់ទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយត្រឡប់មកស្រុកកំណើតវិញ បានប្រហែលជាង១ឆ្នាំមកហើយ។

ពាក់ព័ន្ធការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លូនជនសង្ស័យរូបនេះ លោកឧត្តមសេនីយ៍ ជា ពៅ បានបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវភ្លាមនោះកម្លាំងនគរបាលរបស់លោក បានទៅឃាត់ខ្លួនម្ចាស់ Facebook ឈ្មោះ «ក្រូច សឿន» ដែលបច្ចុប្បន្នជា កម្មករចំការកៅស៊ូនៅខេត្តក្រចេះ ប៉ុន្ដែបុរសរូបនេះមិនចេះអក្សរនោះទេ។

លុះពេលសួរនាំគាត់បានប្រាប់សមត្ថកិច្ចថា Faceook របស់គាត់ត្រូវបានក្មួយឈ្មោះ រ៉ុម ចំរើន ជាអ្នកបង្កើតឲ្យទើបសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួន ជនប្រព្រឹត្តតែម្ដង៕