(ក្រចេះ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ក្រចេះ ធ្វើបាឋកថាដល់មន្ដ្រីនគរបាលយុត្តិធម៌នៅខេត្តក្រចេះ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ដីពីសិទ្ធិក្រោយការចាប់ខ្លួន ឬឃាត់ខ្លួន តាមក្រមនីតិវិធីព្រហ្មទណ្ឌ។

បាឋកថាដល់មន្ដ្រីនគរបាលយុត្តិធម៌ ដែលចូលរួមក្នុងឱកាសនោះ​មានស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត និងមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ព្រមទាំង​នគរបាលព្រហ្មទណ្ឌ អាវុធហត្ថ និងមន្រ្តីពន្ធនាគារខេត្តក្រចេះ ដែលធ្វើនៅសណ្ឋាគារ ហ៊ ប៊ុន្នី ស្ថិតក្នុងក្រុងក្រចេះ។

ថ្លែងក្នុងឱកាសនោះ លោក កែវ សុជាតិ បានលើក​ឡើង​ថា ​បាឋកថាថ្នាក់ខេត្តនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងពង្រឹងបន្ថែមលើក្រមនិតីវិធីព្រហ្មទណ្ឌ ដើម្បីបង្ការការធ្វើទារុណកម្ម ដែលផ្តោតសំខាន់លើ​អង្គភាពកងកម្លាំង ដែលជាមន្រ្តីនគរបាលយុត្តិធម៌ និង​ជាអ្នកចាំបាច់ត្រូវអនុវត្តនោះ មួយវិញទៀតពិធីនេះ ជាការពង្រឹងគុណភាព​មន្រ្តីអនុវត្តច្បាប់​។

លោកថា ​មន្រ្តីនគរបាលយុត្តិធម៌ ដែលអនុវត្តការងារ ត្រូវគោរពតាមនីតីវិធីក្រមព្រហ្មទណ្ឌ គឺជាការ​អនុវត្តគោរពច្បាប់ ក៏ដូចជាគោរពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។​

បន្ថែមពីនេះ លោកព្រះរាជអាជ្ញា បានធ្វើបទបង្ហាញដោយ​វែកញែកថា ការអនុវត្ត​ដោយមិនគោរពក្រមព្រហ្មទណ្ឌ គឺធ្វើឲ្យនគរបាលប្រឈមនឹងមោឃៈភាពនីតីវិធី។