(ភ្នំពេញ)៖ អភិបាលរងស្រុកសន្ទុក ខេត្តកំពង់ធំម្នាក់ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបន្តសាកសួរ ក្នុងករណីវិវាទកិច្ចសន្យាធ្វើប្លង់ដីចំនួន១៥០០ហិកតា ក្នុងឃុំ៤របស់ស្រុកសន្ទុក តែមិនបានតាមការកំណត់របស់ម្ចាស់ដី។

មន្រ្តីនគរបាលបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការថា អភិបាលរងរូបនេះឈ្មោះ អ៊ឹម ឆន អាយុ៤៣ឆ្នាំ។ នៅរសៀលថ្ងៃដដែលនេះលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរលោកអភិបាលរងរូបនេះ។

បើតាមសមត្ថកិច្ច ដើមចមដែលនាំឲ្យមានការឃាត់លោក អ៊ឹម ឆន គឺកាលពីអំឡុងឆ្នំា២០១៥កន្លងទៅ ស្រ្តីម្នាក់ដែលជាម្ចាស់ដីបានឲ្យលោក អ៊ឹម ឆន រៀបចំដី ចំនួន១៥០០ហិកតា នៅក្នុងឃុំចំនួន៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយផ្តល់ប្រាក់មួយចំនួន ដើម្បីឲ្យធ្វើប្លង់រឹង ប៉ុន្តែរហូតមកដល់អំឡុងខែមេសា ឆ្នាំ២០១៧ លោក អ៊ឹម ឆន ពុំបានប្រគល់ប្លង់រឹងមកឲ្យលោកស្រី តាមការសន្យា ទើបមានការប្តឹងទៅសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

បើតាមមន្រ្តីសាលាស្រុក បានបន្តទៀតថា «ដីក្នុងតំបន់ដែលរៀបនេះ គឺកន្លែងខ្លះមានប្លង់រឹងពីម្ចាស់ដើមខ្លះហើយ និងមួយចំនួនទៀតមិនទាន់មាន ទើបមានការប្តឹងផ្តល់  ដោយអនុវត្តកិច្ចសន្យាមិនទាន់នបានការកំណត់»។

យ៉ាងណាក៏ដោយ បើតាមប្រភពពីប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា ទីតាំដីនេះកំពុងមានការអភិវឌ្ឍហើយគ្រាន់តែមិនទាន់បានប្លង់រឹងប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានប្រាប់ថា «តាមពិតដីចំនួន១៥០០ហិកតានោះ នាពេលបច្ចុប្បន្ននេះ គឺមានគ្រឿងចក្ររបស់ក្រុមហ៊ុន បានចូលទៅធ្វើសកម្មភាពជារៀងរាល់ថ្ងៃ បើទោះបីដីទាំងនោះ មិនទាន់លេចចេញនូវប្លង់រឹងក៏ដោយ»

បើតាមមន្រ្តីដដែលនេះ លោក អ៊ឹម ឆន ពិតជាបានទទួលការងារ ដើម្បីរៀបចំដីចំនួន១៥០០ហិកតា ដែលស្ថិតនៅក្រៅតំបន់២ ដើម្បីរៀបចំធ្វើប្លង់ជូនម្ចាស់ក្រុមហ៊ុន ប៉ុន្តែដំណើរការធ្វើប្លង់នោះ គឺមានស្ថានភាពស្មុគស្មាញ និងប្រើនីតិវិធីយូរ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ក្រសួងជំនាញ ទើបមិនអាចចេញជារូបរាង តាមការកំណត់ ទើបម្ចាស់ក្រុមហ៊ុនក៏ប្តឹងទៅសមត្ថកិច្ចធ្វើការចាប់ខ្លួនតែម្តង៕