(ភ្នំពេញ)៖ ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលជាពន់ពេកណាស់នៅពេលលឺថា ក្រុមគ្រួសារលោកបណ្ឌិត ជំពាក់គេជិត ៨០០០ ដុល្លា ថ្លៃបបរ និងថ្លៃចំណាយផ្សេងៗសម្រាប់ពិធីបុណ្យគម្រប់​ខួបមួយឆ្នាំរបស់សព​លោកបណ្ឌិត កែម ឡី កាលពីពេលថ្មីៗនេះ។

ទោះជាមានការអំពាវនាវរកសម្បុរសជនឲ្យជួយយ៉ាងណាក៏គ្មានអ្នកជួយដែរ។ តែទីបំផុត គឺក្រុមគ្រួសារសពបណ្ឌិត កែម ឡី បានទទួលការឆ្លើយតបពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយផ្តល់ថវិកា មួយម៉ឺនដុល្លារជូនលោក កែម រិទ្ធីសិទ្ធិ យកទៅដោះស្រាយបញ្ហា។

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់នាយករដ្ឋមន្ត្រីដែលបានជួយដោះស្រាយ ការលំបាករបស់ក្រុមគ្រួសារសពបណ្ឌិត កែម ឡី បើទោះបីជារូបលោក ផ្ទាល់ និងក្រុមគ្រួសារបានទទួលរងការចោទប្រកាន់ពីមនុស្សមួយចំនួនថា នៅពីក្រោយឃាតកម្មនេះ​ក៏ដោយ។ អ្វីដែលខ្ញុំចង់និយាយពេលនេះគឺ វាជាការនឹកស្មានមិន ដល់ថា ស្ថានភាពវាអាចទៅដល់ថ្នាក់ហ្នឹង? ក្រោយពេលលោកបណ្ឌិត កែម ឡី ស្លាប់ មានមនុស្សច្រើនណាស់ដែលចេញមុខចាត់ចែង រៀបចំពិធីបុណ្យសព ដោយមានគណៈកម្មការ និងមានអ្នកបង្កើតមូល​និធិរៃអង្គាសប្រាក់ទាំងក្នុងនិងក្រៅប្រទេសយ៉ាងព្រោងព្រាត ដូចជានៅអូស្ត្រាលី អាមេរិក កាណាដា ជាដើម។ ខ្ញុំក៏ធ្លាប់​បាន​លឺ​ព័ត៌មានថា មានការលួចលុយមូលនិធិ និងមានអ្នកកេងចំណេញខាងនយោបាយ ក៏ដូចជាអ្នកបន្លំដើម្បីរៃអង្គាស​ដាក់ហោប៉ៅរបស់ខ្លួនដែរ។ ហើយ ខ្ញុំក៏បានដឹងដែរថា មានក្រុមអ្នកទាមទាររកតម្លាភាពពីក្រុមមូលនិធិ កែម ឡីនេះដែរ តែខ្ញុំព្យាយាមមិនជឿទេ ពីព្រោះអាចថា មានអ្នកខិលខូចចេះតែចោទប្រកាន់ ដើម្បីបង្ខូចកេរឈ្មោះគេ។

ប៉ុន្តែដល់ពេលឃើញភាពជាក់ស្តែងចុងក្រោយដែល សូម្បីតែថ្លៃធ្វើបុណ្យក៏គ្មានលុយសងគេគ្រប់ផង ហើយជំពាក់គេជិត៨ពាន់ដុល្លារ ទើបខ្ញុំហាក់ដូចជា ចាប់ផ្តើមភ្លឺភ្នែក ហើយចោទសួរខ្លួនឯងម្តងហើយម្តងទៀតដោយមិនអស់ចិត្តទាល់តែសោះ។ ខ្ញុំធ្លាប់លឺពួកអ្នក កែម ឡី និយម និងបក្សសង្គ្រោះជាតិ និយាយអំពីគម្រោងសាងសង់ចេតិយដ៏អស្ចារ្យមួយតម្លៃរាប់សិបម៉ឺនដុល្លារ ឬអ្នកខ្លះថា មួយលានដុល្លារ រួមទាំងបណ្ណាល័យដ៏ប្រណីតមួយផង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ខ្ញុំចេះតែតាមដានព័ត៌មាននេះជាប្រចាំ តែរហូតមកដល់ពេលនេះឃើញផ្នូររបស់លោកបណ្ឌិតនៅតែប្រក់តង់ គ្មានអ្វីទាំងអស់។ ចុងក្រោយបំផុត ក៏ស្រាប់តែកើតមានរឿងថា សូម្បីលុយសងថ្លៃបបរនិងរោងបុណ្យក៏នៅជំពាក់គេយ៉ាងសន្ធឹក!

សម្រាប់ជាអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ មានសំណួរជាច្រើនបានផុសឡើង៖ ហេតុអ្វីបានជាមានរឿងដែលមិនគួរឲ្យជឿបែបនេះកើតឡើង? តើលុយដែលនាំគ្នាចូលបុណ្យ និងបានមកពីការរៃអង្គាសតាមរយៈមូលនិធិផ្សេងៗនោះនៅឯណា? អ្នកណាជាអ្នកទទួលខុសត្រូវរឿងនេះ? តើអ្នកដែលអួតខ្លួនថា កែម ឡី និយមទាំងឡាយ និងអ្នកដែលកេងចំណេញនយោបាយពីសពលោក បណ្ឌិត កែម ឡី ទាំងឡាយមាន​អារម្មណ៍បែបណាដែរ នៅពេលឃើញសភាពបែបនេះ? តើវិញ្ញាណក្ខន្ធលោក បណ្ឌិត ខ្លោចផ្សារយ៉ាងណាពេលឃើញរឿងរ៉ាវ ជាក់ស្តែង​បានកើតឡើងចំពោះក្រុមគ្រួសារលោកបណ្ឌិតបែបនេះ?

ពេលធ្វើបុណ្យខួបមួយឆ្នាំ ខ្ញុំតាមដានស្តាប់វិទ្យុអាស៊ីសេរី ដែលបានផ្សាយព័ត៌មាននេះយ៉ាងកងរំពងហើយបានចងចាំថា ពិធីបុណ្យ​នោះមានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងតំណាងអង្គការសង្គមស៊ីវិល​មានមុខមាត់មួយចំនួនធំ។ ស្តាប់ហើយហាក់មានអារម្មណ៍ថា ពិធីបុណ្យនេះមិនគួរកើតមាន រឿងជំពាក់លុយបុណ្យច្រើនបែបនេះទេ? ឬមួយអ្នកទាំងនោះទៅស៊ី បុណ្យ ហើយមិនចូលបុណ្យ? សំណួរទាំងអស់នេះធ្វើឲ្យខ្ញុំគិតឡើងវិញ នូវពាក្យដែលលេចលឺ កន្លងមកថា មានអ្នកកេងចំណេញ​នយោបាយ មានអ្នកចង់បានមុខមាត់ និងអ្នកកេងចំណេញលាភសក្ការៈពីសពលោកបណ្ឌិត កែម ឡី ។

មិនត្រឹមតែអ្នកនយោបាយទេ សូម្បីតែអ្នកសារព័ត៌មានខ្លះក៏ចង់បានមុខមាត់ពីសពលោកបណ្ឌិតដែរ។ ពួកគេសម្តែងធ្វើយំសោក​តាមរលកធាតុអាកាស និងចេញលិខិតចំហផ្សាយតាមវិទ្យុថែមទៀត ដែលស្តាប់ទៅហាក់ដូចជាធ្វើឲ្យខ្ញុំកក់ក្តៅសម្បើមណាស់។ ប៉ុន្តែក្រោយឃើញសភាពជាក់ស្តែងបែបនេះ ខ្ញុំហាក់មានអារម្មណ៍ថា ពាក្យដែលលេចលឺកន្លងទៅទាំងអម្បាល​មាណ​ទំនងជា​ការពិតហើយ ទើបបានជាកើតមានរឿងដ៏គួរឲ្យសង្វេគបែបនេះ? ពួកគេបានត្រឹមសម្តែងដើម្បីយកចំណេញនយោបាយ មុខមាត់ និងលាភសក្ការៈផ្ទាល់ខ្លួនតាមជំនាញរៀងៗខ្លួន!!!

ក្នុងនាមអ្នកស្រឡាញ់លោក កែម ឡី ម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួល និងអៀនខ្មាសជំនួសអ្នកតាំងខ្លួនជា កែម ឡី និយម, អ្នកសារព័ត៌មានមួយចំនួន និងអ្នកនយោបាយដែលចេញមុខព្រោងព្រាត ដើម្បីយកបុងក្រោយពេលលោកបណ្ឌិត​បានស្លាប់ទៅដែលទីបំផុត ពួកគេបែរជាបណ្តោយឲ្យពិធីបុណ្យខួបមួយឆ្នាំ របស់លោកបណ្ឌិតបន្សល់ទុកនូវរឿងដ៏សោកសៅ និងគួរឲ្យអាម៉ាសបំផុតបែបនេះ។ វាពិតជាការមិនគួរគប្បីឡើយចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត។

អ្វីដែលកើតឡើងពេលនេះក៏បានធ្វើឲ្យខ្ញុំកាន់តែជឿថា ការសន្យាខ្យល់ពិតជាមានមែន ហើយមនុស្សយើងពិតជាហ៊ានធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បីមុខមាត់ដើម្បី ប្រជាប្រិយភាពនយោបាយ និងដើម្បីលាភសក្ការៈដោយមិនគិតពីភាពសមរម្យអ្វីឡើយ។ ទីបំផុតទុកកេរនៅ​កណ្តាលខ្មាស ! យ៉ាងណាក៏ដោយ ខ្ញុំសូមឧទ្ទិសបួងសួង ឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតទៅកាន់សុគតិភពចុះ ពីព្រោះទោះជាយ៉ាង​ណាក៏ក្រុមគ្រួសារលោកបណ្ឌិតបានដោះបំណុលគេរួចរាល់ហើយ តាមរយៈសប្បុរសជនដែលមុននេះ​ពួកអ្នកកេងចំណេញពី​សពលោកបណ្ឌិតចោទថា ជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិត។ សូមវិញ្ញាណក្ខន្ធលោកបណ្ឌិតវិនិច្ឆ័យផងចុះថា អ្នកណាល្អ អ្នកណាអាក្រក់ពិតប្រាកដនោះ៕

ពីអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់ !