(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ថោង លឹម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ ទទួលព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក SUNARYO សេនានុព័ន្ធយោធា នៃស្ថានទូតឥណ្ឌូនេស៊ី នៅកម្ពុជា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការសន្ដិសុខរវាងប្រទេសទាំង២។

ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនលោកវរសេនីយ៍ឯក SUNARYO ពីភាពរីកចម្រើន និងល្អប្រសើរចំពោះស្ថានភាពសន្ដិសុខកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយចំពោះសុវត្ថិភាពជនបរទេស ដែលកំពុងមានវត្តមានក្នុងកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំង ពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងបញ្ហាភេវកម្មក្នុងតំបន់ និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន នាយឧត្តមសេនីយ៍ បានលើកឡើងថា វាគឺជាបញ្ហារួមដែលប្រទេសនីមួយៗ ត្រូវមានទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ហេតុដូចនេះនាយឧត្តមសេនីយ៍ សូមឯកភាពចំពោះការលើកឡើង របស់ភាគីឥណ្ឌូនេស៊ី ដែលបានសំណូមពរ ដល់ភាគីកម្ពុជា ជួយផ្ដល់ព័ត៌មានពាក់ព័ន្ធពីមុខសញ្ញាដែលអាចនឹងបង្កបទល្មើស ឬអំពើភេរវកម្មណាមួយ។

អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមថា ដើម្បីឆ្លើយតប និងទប់ស្កាត់រាល់សភាពការណ៍បានទាន់ពេលវេលា ការទំនាក់ទំនងផ្ដល់ព័ត៌មាន គួរទាក់ទងដោយផ្ទាល់ តាមទូរស័ព្ទ ឬណាត់ជួបទ្វេរភាគីដើម្បីពិភាក្សា និងផ្លាស់ប្ដូរសភាពការណ៍។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ថោង លឹម បានស្នើដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី តាមរយៈសេនានុព័ន្ធយោធាប្រចាំនៅកម្ពុជា បន្ដជួយហ្វឹកហាត់ បណ្ដុះបណ្ដាលដល់កងកម្លាំង នៃកងយុទ្ធពលខេមរភូមិន្ទ និងស្នើពិនិត្យលើការជួយបណ្ដុះបណ្ដាល ដល់កងកម្លាំអន្ដរាគមន៍ និងជំនាញផ្សេងៗទៀត ដល់នគរបាលជាតិកម្ពុជា។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក SUNARYO បានឯកភាព និងសន្យានាំនូវសំណើរទាំងអស់ទៅរាយការណ៍ជូនរដ្ឋាភិបាល និងសូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចការពារសន្ដិសុខជូនជនជាតិឥណ្ឌូនេស៊ី ដែលមានវត្តមាននៅកម្ពុជា៕