(ភ្នំពេញ)៖ ​​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា និងលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន​សង្កាត់រលួស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតបានកើនឡើងសម្លេងយ៉ាងច្រើន គឺជិត១ម៉ឺនសម្លេង ឯណោះសម្រាប់ការបោះឆ្នោតលើកនេះ។

ជាការកត់សម្គាល់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាបានបញ្ចប់ទៅនោះ សម្រាប់អភិបាលខណ្ឌដង្កោ បានដឹកនាំ មន្រ្តីចុះសួរសុខទុក្ខ និងថ្លែងអំណរគុណ ផ្ទាល់ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះទាំង១៣សង្កាត់តែម្តង ព្រមទាំងទៅស្តាប់យោបល់ និងការលើកឡើងផ្សេងៗរបស់ពួកគាត់ ដើម្បីដោះស្រាយជូន។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងលោកស្រី ក៏បន្តចុះពិនិត្យ ផ្លូវបេតុងថ្មី០១ខ្សែ ស្ថិតក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ ដែលទើបស្ថាបនារួចផងដែរ។

លោក នុត ពុធដារ៉ា បានថ្លែងថា សម្រាប់ខណ្ឌដង្កោនាការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជិត៣ម៉ឺនសម្លេង ពោលមានការកើនឡើងជិត១ម៉ឺន សម្លេងឯណោះ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន៕