(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមបេសកកម្ម បានដឹកនាំប្រជុំត្រួតពិនិត្យដកពិសោធន៍ការងារស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិរយៈពេលកន្លង និងលើកទិសដៅអនុវត្តការងារបន្ត ដោយមានការចូលពី អនុប្រធាន សមាជិក ក្រុមបេសកកម្ម ស្នងការរងនគរបាល ខេត្ត-រាជធានី ទទួលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងទទួលការងារព្រំដែន។

អង្គប្រជុំបានយកចិត្តទុកដាក់ ស្ដាប់នូវលទ្ធផលដែលបានអនុវត្ត រយៈពេលកន្លងរួចមក អង្គប្រជុំបានកត់សម្គាល់ លទ្ធផលនៃការទប់ស្កាត់ និងបង្ក្រាបទទួលបាន លទ្ធផលល្អ និងមានប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់។

ក្នុងនោះដែរក្រុមការងារ បានទប់ស្កាត់ និងបង្ក្រាបការកាប់ឈើការដឹកជញ្ជូនឈើ ខុសច្បាប់ និងបានការពារថែរក្សាឈើដែលរដ្ឋបាន ដេញថ្លៃឲ្យទៅក្រុមហ៊ុនដែលមានសិទ្ធទទួល បានការដេញថ្លៃ។

ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានក្រើនរំឭក និងទិសដៅការងារមួយចំនួន ដើម្បីក្រុមការងារអនុវត្តឲ្យមានប្រសិទ្ធិភាពដោយបន្តពង្រឹង ការល្បាត និងតាមដានត្រួតពិនិត្យការដឹកជញ្ជូនឈើខុសច្បាប់ នៅតាមច្រករបៀងព្រំដែន និងបន្តស្រាវជ្រាវ ទប់ស្កាត់និងបង្រ្កាប បទល្មើសកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការជីករុករករ៉ែខុសច្បាប់ ការកាប់ព្រៃទន្រ្ទានយកដី ដែលខុសច្បាប់ ជាពិសេស បន្តធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឲ្យប្រព្រឹត្តបទល្មើសព្រៃឈើបន្តទៅទៀត។
 
ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានបន្តថា «មន្រ្តីនគរបាលត្រូវពង្រឹង និងការអនុវត្តតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិឲ្យ បានម៉ឺងម៉ាត់ គោរពត្រឹមត្រូវតាមបញ្ជាផ្ទៃក្នុងប្រកបដោយវិជ្ជាជីវៈ ជាពិសេសមន្រ្តីនគរបាលត្រូវដកខ្លួនឲ្យឆ្ងាយ ពីបទល្មើសផងដែរ»