(មណ្ឌលគិរី)៖ មនុស្សចំនួន៧នាក់ ពាក់ព័ន្ធគ្រឿងញៀនរួមទាំងមេខ្លោងជួញដូរផងនោះ ត្រូវបាននគរបាលការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី សហការជាមួយនគរបាលមូលដ្ឋានស្រុកពេជ្រាដា បានឃាត់ខ្លួនភ្លាមៗរួច បញ្ជូនខ្លួនមកកាន់ស្នងការខេត្តទាំងយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី។

លោក សៅ សុវណ្ណារិទ្ធ អធិការនគរបាលស្រុកពេជ្រាដា បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនោះ កម្លាំងនគរបាល មូលដ្ឋានរបស់លោក បានធ្វើការតាមដានមុខសញ្ញារយៈពេល២-៣ថ្ងៃមកហើយ រហូតបានរាយការណ៍មកការិយាល័យជំនាញ នៃនស្នងការដ្ឋានខេត្ត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

លោក ឡេវ ប៉ុន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះថា មនុស្សចំនួន៧នាក់ រួមទាំងថ្នាំញៀនចំនួន៣៧កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ដែលនគរបាលជំនាញបានឃាត់ខ្លួន បាននៅឃុំប៊ូស្រា ស្រុកពជ្រាដា ខេត្តមណ្ឌលគិរី ពាក់ព័ន្ធគ្រឿងញៀននោះ បានបញ្ជូនខ្លួនមកដល់ស្នងការទាំងយប់កើតហេតុ ក្នុងនោះមានមេខ្លោង ជួញដូរផងដែរ សមត្ថកិច្ចកំពុងបន្តនីតិវិធី។

លោក អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគិរីថ្មី បានថ្លែងប្រាប់នៅព្រឹកមិញនេះថា ក្នុងនាមលោកផ្ទាល់បានសម្តែងនូវការកោត សរសើរចំពោះមន្រ្តីកងកម្លាំងនគរបាល ដែលជាមន្រ្តីអនុវត្តច្បាប់ដែលបានខិតខំ សហការគ្នាបានល្អប្រសើរ រាល់ការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ដែលកើតឡើងទាន់ពេលវេលា ជាពិសេសដូចជា ករណីបង្រ្កាបជនសង្ស័យ ដែលបង្កភាពអសន្តិសុខវឹកវ ដល់សង្គម ខ្លួនឯង និងក្រុមគ្រួសារ។

លោកស្នងការខេត្តថ្មី បានលើកឡើងបែបសារណែនាំអប់រំដល់ស្រទាប់ប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រុសស្រីនៅតំបន់មណ្ឌលគិរី ទាំងអស់ ទាំងអ្នកកំពុងរងគ្រោះ និងអ្នកមិនទាន់រងគ្រោះ ឬអ្នកចែកចាយសូមដកខ្លួន និងបញ្ឈប់សកម្មភាពដ៏សែនគ្រោះថ្នាក់មួយនេះ កុំពាក់ព័ន្ធ ដកខ្លួនចេញឱ្យឆ្ងាយ កុំប៉ះពាល់វា ព្រោះវាជាសារធាតុមួយ អាចធ្វើឱ្យមនុស្សពុលវិលវល់ដោយសារវា យល់អាក្រក់ថាល្អ យល់សថាខ្មៅ លែងស្គាល់បងប្អូនម្តាយឪពុក បំពុលភាពវឹកវរដល់ខ្លួនឯង ក្រុមគ្រួសារ សង្គម បាត់បង់ឱកាស លុយកាក់ពេលវេលា និងបាត់ធនធានមនុស្សក្នុងសង្គមទៀតផង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការកោតសរសើរដល់ការអនុវត្តច្បាប់ដល់មន្រ្តីដែលខិតខំរួមសហការគ្នា បានល្អចូលរួមទប់ស្កាត់បង្កាបង្រ្កាបបទល្មើសផ្សេងៗ បានទាន់ពេលវេលាដើម្បីធានាបាននូវសសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋមានភាពកក់ក្តៅ។

លោកអភិបាលខេត្តបានធ្វើការជម្រុញបន្ថែមទៀត ដល់មន្រ្តីអនុវត្តច្បាប់នៅក្នុងតំបន់នេះ ឱ្យខិតខំសាងនូវស្នាដៃដើម្បីប្រជាជពលរដ្ឋ ការពារប្រជាពលរដ្ឋ យកស្នាដៃនិងកត្តិយសជូនដល់អង្គភាពនិងសង្គម៕