(ភ្នំពេញ)៖ រថយន្តបែនធុនធំ១គ្រឿង ខណៈកំពុងបើកបរតាមផ្លូវខ្នងប្រឡាយសុខៗ ស្រាប់តែស្រុតបាក់ដីមាត់ប្រឡាយបណ្ដាលឲ្យ ក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយ ផ្ងារកង់ឡើងលើតែម្តង សំណាងល្អគ្នានអ្នករងរបួស។ ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដែលចុះទៅកាន់កន្លែងកើតហេតុ បានថ្លែងភ្នាក់ងារ Fresh News ឲ្យដឹងថា រថយន្តដែលក្រឡាប់ខាងលើជាប្រភេទ រថយន្តបែន ដឹកខ្សាច់ពាក់ស្លាកលេខភ្នំពេញ 3D-9766 ហើយអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះឡើយ តែមិនទទួលរងរបួសនោះទេ ចំណែករថយន្តទទួលរងការខូចខាតខ្លះៗតេប៉ុណ្ណោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ប្រភេទរថយន្តបែនធ្វើដំណើរក្នុង ទិសដៅពីលិចទៅកើត ដោយមានដឹកខ្សាច់ពេញក្នុងទ្រុងផងដែរ ខណៈនោះផ្លូវខាងលើនិងរថយន្តមានទំហំស្ទើរតែប៉ុនគ្នា ហើយសង្ស័យថា ផ្លូវទើបចាក់ដីថ្មីថែមទៀតផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏វានបាក់ដីមាត់ប្រឡាយបណ្ដាលឲ្យ ក្រឡាប់រថយន្ត នោះធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្ដង។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូច ទៅស្ទូចយករថយន្តរបស់ខ្លួនចេញពីក្នុងទឹកយកទៅជួសជុល ឡើងវិញដោយខ្លួនឯង៕