(ភ្នំពេញ​)៖​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ នឹង​បើក​សវនាការ​រឿង​ក្ដី​អតីត​សង្ឃ​ ហន​ សុផាន្នី​ ដែល​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​ ជូង​ ជូងី​ ។

អតីត​សង្ឃ​ ហន​ សុផាន្នី​ ត្រូវ​បាន​លោក​ លី​ សុខា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់ចំនួន២បទល្មើសគឺ បទ​កាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋជាអាទិ៍​ តាមមាត្រា៤៩០ មាត្រា៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

គួរ​បញ្ជាក់​ថា​ កម្លាំងនគរបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះ​សង្ឃ​មួយ​អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត​បាត់ដំបង​ ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុង​វត្ត​ដំរីស​ ៕