(ភ្នំពេញ)៖ វាគ្មិនដែលបានចូលរួមជជែកពិភាក្សាក្នុងវេទិកាតុមូលលើការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ បានសម្តែង​ការសោក​ស្តាយជាខ្លាំង ដែលគណបក្សសង្រ្គោះជាតិ (CNRP) ជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មិនបានបញ្ជូនតំណាង​របស់ខ្លួនឲ្យចូល​រួមជជែកដេញដោលនៅក្នុងវេទិកាជជែកពិភាក្សានេះ ព្រមទាំងបានផ្តាំទៅគណបក្សសង្រ្គោះជាតិ កុំឲ្យខ្លាំងតែជាមួយវេទិការបស់វិទ្យុអន្តរជាតិ ឬកាន់ក្បាលមេក្រូតែម្នាក់ឯងនោះ។

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាតុមូលមួយ​ជជែកពិភាក្សាពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយបានអញ្ជើញតំណាងគណបក្សនយោបាយ អ្នកច្បាប់ អង្គការសង្គមស៊ីវិល អ្នកប្រវត្តិសាស្រ្ត និងអ្នកស្រាវជ្រាវបញ្ហាសង្គមផងដែរ។ ក្នុងវេទិកានាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាចខ្មែរ ដោយឡែកគណ​បក្សសង្រ្គោះជាតិ មិនមានបញ្ជូនអ្នកតំណាងចូលរួមនោះទេ បើទោះបីមាន​ការអញ្ជើញជាច្រើនដង​ពីអ្នករៀបចំកម្មវិធីក៏ដោយនោះ។

បើតាមលោក គិន ភា អ្នកសម្របសម្រួលកម្មវិធី បានថ្លែងថា ការមិនមានបញ្ជូនអ្នកតំណាងឲ្យចូលរួមក្នុងវេទិកានាព្រឹកមិញ គឺមិនមែន​ជាលើកទី១នោះឡើយ សម្រាប់គណបក្សសង្រ្គោះជាតិ។ បើតាមលោក គិន ភា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់អញ្ជើញចូលរួមកម្មវិធីតស៊ូមតិបែបនេះជាច្រើនដងមកហើយ តែគណបក្សសង្រ្គោះជាតិ​មិនដែលបញ្ជូនអ្នកចូលរួមនោះទេ។

លោក គិន ភា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការគ្មានវត្តមានរបស់​តំណាងគណបក្សសង្រ្គោះជាតិក្នុងវេទិកា​ជជែកដេញដោល​លើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ព្រោះគណបក្សសង្រ្គោះជាតិ គឺជាអ្នកដែលមានប្រតិកម្មខ្លាំងជាង​គេចំពោះការធ្វើវិសោធន​កម្មច្បាប់មួយនេះ។

លោក សាម ស៊ុនឌឿន មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា វេទិកានាព្រឹកមិញនេះ គឺវេទិកាដេញដោល និងតស៊ូមតិដ៏ល្អមួយ តែលោកសោកស្តាយ ដែលគណបក្សនយោបាយខ្លះមិនបានចូលរួម ទោះបីមានការអញ្ជើញ។

លោក សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិថា ការមិនព្រមដើរចូលដំបូលរដ្ឋសភារបស់គណបក្សសង្រ្គោះជាតិ វាជាទម្លាប់មួយទៅហើយរបស់គណបក្សសង្រ្គោះជាតិ តែពេលនេះសូម្បីតែអ្នកស្រាវជ្រាវ និងជាអ្នកវិទ្យាសាស្រ្ត អញ្ជើញចូលរួមតស៊ូមតិ ក៏មិនគណបក្សនេះមិនចូលរួមផងដែរ។

លោក សុខ ទូច បានផ្តាំទៅគណបក្សប្រឆាំងមួយនេះថា កុំឲ្យខ្លាំងតែម្នាក់ឯងជាមួយវិទ្យុបរទេស បើពិតជាខ្លាំងមែនត្រូវហ៊ានចូលរួមក្នុងវេទិកាតស៊ូមតិដោយស្មើភាព និងដោយបើកចំហរ ដើម្បីប្រជាពលរដ្ឋបានវាយតម្លៃ។ លោក សុខ ទូច ក៏បានស្នើឲ្យប្រជាពលរដ្ឋកត់សម្គាល់ពីការមិនចូលរួមក្នុងវេទិកាតស៊ូមតិរបស់គណបក្សសង្រ្គោះជាតិនេះផងដែរ៕