(ពោធិ៍សាត់)៖ សត្វគោក្របីចំនួន២៥០ក្បាល ក្នុងនោះគោ២២០ក្បាល និងក្របី៣០ក្បាល របស់ប្រជាពលរដ្ឋភូមិដងទឹកលាច ភូមិកណ្តាល និងភូមិចំបក់ធំ ត្រូវបានដឹកមកចាក់វ៉ាក់សាំងសារទឹក ដោយឥតគិតថ្លៃ ក្នុងគោលបំណងបង្ការជំងឺរាតត្បាតផ្សេងៗ ក្នុងរដូវចូលវស្សា ពីព្រោះសត្វពាហនៈ គឺជាកម្លាំងអូសទាញ ដ៏មានសារសំខាន់របស់បងប្អូនប្រជាកសិករ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

យុទ្ធនាការខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ម៉ៅ ធនិន អភិបាលខេត្ត, លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សេន សុវណ្ណ អគ្គនាយកសុខភាពសត្វ និងផលិតផលកសិកម្ម, លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោក ចេង ឡៃ អភិបាលរងខេត្ត, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរ ស្រុក ឃុំ ភូមិ ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 លោក ម៉ៅ ធនិន និងលោកស្រី ហោ ម៉ាលីន បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាការពារសត្វគោ ក្របី ជ្រូក មាន់ ទា របស់ខ្លួន ដោយរាយការណ៍ជាបន្ទាន់ ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

លោក ម៉ៅ ធនិន បានលើកឡើងថា សព្វថ្ងៃនេះយើងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម... ហើយនៅពេលខាងមុខចុងឆ្នាំ២០១៨ ផ្លូវគ្រួសារក្រហម១ខ្សែនេះ នឹងកែប្រែមុខមាត់ទៅជាផ្លូវកៅស៊ូជាក់ជាមិនខានឡើយនេះដោយសារ ប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស។ ជាមួយគ្នានោះថ្នាក់ដឹកនាំទាំង២បានជំរុញឲ្យកូនចៅរបស់ ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីដើម្បីមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រ នាពេលខាងមុខ។

បន្ថែមពីនោះទៀត ថ្នាក់ដឹកនាំទាំង២ បានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព រួមគ្នាគោរពច្បាប់ចរាចរណ៍ បង្ការទប់ស្កាត់រាល់បទល្មើស និងត្រូវចេះរួបរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ទោះគ្រប់កាលៈទេសៈណាក៏ដោយ។

ប្រជាពលរដ្ឋដែលជាម្ចាស់គោក្របីទាំង២៥០ក្បាល បានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ខណៈពេលដែលមានការយកចិត្តទុកដាក់ពីថ្នាក់ក្រសួង ខេត្ត និងមន្ទីរ បានចុះចាក់វ៉ាក់សាំងសារទឹក ការពារជំងឺឆ្លង ដល់សត្វគោក្របីរបស់ពួកគាត់ក្នុង១ឆ្នាំ ចាក់ថ្នាំបង្កាចំនួន២ដង និងសូមថ្លែងអំណរ គុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខរបស់ពួកគាត់៕