(ម៉ាឡេស៊ី)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមពិសាអាហារ និង​ពិភាក្សាការងារ ជាមួយលោក Dato' Sri Richard Riot Anak Jeam រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការការពារពលករ ការរៀបចំឯកសារ លិខិតបទដ្ឋាន ការបណ្តុះបណ្តាល និង​កិច្ចការពាក់ព័ន្ធផ្សេងៗ ដើម្បីពន្លឿនក្នុងការបញ្ជូនពលករ ទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៧។

លោក Dato' Sri Richard Riot Anak Jeam បានគាំទ្រយ៉ាងពេញទំហឹង និងសន្យាបញ្ជូនក្រុមបច្ចេកទេសជំនាញ ពីក្រសួងធនធានមនុស្សម៉ាឡេស៊ី សហការជាមួយ ​ក្រុមបច្ចេកទេសកម្ពុជា នៅសប្តាហ៍ខាងមុខនេះ ដើម្បីពន្លឿនលើកិច្ចការនេះ។

​នៅថ្ងៃដដែលលោកឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តជួបពិភាក្សាការងារជាមួយ ​ឧកញ៉ា Datuk Mat Noor Nawi ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក្នុងពិធីអបអរសាទរ Open House ដែលជាពិធីពិសាអាហារសាមគ្គីបែបប្រពៃណីម៉ាឡេស៊ី រៀបចំដោយ ធនាគារ EXIM BANK ម៉ាឡេស៊ី ដែលជាធនាគារដ៏ធំមួយម៉ាឡេស៊ី ហើយបានមកវិនិយោគនៅកម្ពុជា ផ្នែកថាមពលអគ្គិសនី អេឡិចត្រូនិច អចលនទ្រព្យ និង​សំណង់​ជាដើម។

​ប្រធានធនាគារ EXIM BANK ម៉ាឡេស៊ី ក៏បានសន្យា ផ្តល់ការកម្ចីថវិកាសម្រាប់ការវិនិយោគ និងសិក្សាលម្អិត លើការវិនិយោគឧស្សាហកម្មហាឡាលកម្ពុជាផងដែរ៕