Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម នឹងមានជំនួបជាមួយ សម្តេច ហេង សំរិន នៅរសៀលថ្ងៃទី២០ កក្កដា នៅវិមានរដ្ឋសភា

19-07-2017 16:01

(ភ្នំពេញ)៖ លោក ង្វៀង ភូជុង អគ្គលេខាធិការបក្សកុំ​ម្មុយនីស្តវៀតណាម នឹងជួបពិភាក្សា ជាមួយសម្តេច​ ហេង​ សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅម៉ោង៣៖២០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ នៅវិមានរដ្ឋសភា។ នេះបើតាមការប្រកាសរបស់ រដ្ឋសភា នៅថ្ងៃនេះ។

លោក ង្វៀន ហ៊្វូជុង នឹងមកបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស។

នៅពេលមកដល់កម្ពុជា លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា។ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។

ក្រៅពីនោះ លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

តាមការប្រកាសរបស់ក្រសួងការបរទេសដដែលនោះ, សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ មិនតែប៉ុណ្ណោះ លោក ង្វៀន ហ៊្វូជុង និងសម្តេច សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕