(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចខេត្តស្រះកែវ ប្រទេសថៃ បានបង្ក្រាបការនាំចូលអាវុធធុនធ្ងន់មួយ ដែលក្រុមជនល្មើសអះអាងថា នាំចេញពីខេត្តបន្ទាយមានជ័យ តាមច្រករបៀងជាប់ព្រំដែន ក្រោមការគ្រប់គ្រង់របស់វរៈនគរបាលការពារ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្ត និងបន្ទាយសឹករងស្រុកម៉ាឡៃ ទប់មុខខាងភាគីថៃ គឺភូមិភ្នំប៉ៃខៀវ។

ប្រតិបត្តិការបង្ក្រាបការនាំចូលអាវុធខាងលើនេះ ក្រុមសមត្ថកិច្ចរបស់ថៃ បានឃាត់ខ្លួនជនល្មើសជាជនជាតិថៃចំនួន៥នាក់ ព្រមទាំងដកហូតអាវុធធុនធ្ងន់រួមមាន កាំភ្លើងត្បាល ប្រភេទ៨២មីលីម៉ែត្រ ចំនួន២ដើម និង៨០មីលីម៉ែត្រ ចំនួន១ដើម ព្រមទាំងគ្រាប់រ៉ុកកែត៣ឈុត រថយន្ដ៣គ្រឿង និងទូរស័ព្ទ៦គ្រឿង។

យោងតាមមន្ដ្រីយោធានៅតាមព្រំដែន កម្ពុជា-ថៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការស្ទាក់បង្ក្រាប បទល្មើសជួញដូរអាវុធមួយនេះ បានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ​៣៥៩ ​ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ​ស្រុកមឿងស្រះកែវ​ ខេត្តស្រះកែវ កាលពីវេលាម៉ោង១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដែលធ្វើឡើងដោយកម្លាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអារញ្ញប្រាថេត និងស្រុកមឿង។

តាមមន្ដ្រីយោធាដដែលនេះ ក្រោយការសួរនាំ ក្រុមជនល្មើសបានប្រាប់ថា អាវុធទាំងនេះនាំយកទៅលក់ ឲ្យជនជាតិថៃ២នាក់ប្ដីប្រពន្ធ ឈ្មោះ ឈុន និងចយ តែកន្លែងស្នាក់នៅ និងមុខរបរនៅមិនទាន់ដឹងនៅឡើយ។

បើតាមសេចក្ដីរាយការណ៍ ជនល្មើសទាំង៥នាក់ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចថៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ដទៀត៕