(ភ្នំពេញ)៖ ដោយ​យល់ឃើញ​ពី​ទុក្ខ​ធុរៈ​របស់​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ក្នុង​ការ​ចុះ​ពិនិត្យ​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ​នោះ រដ្ឋបាល​រាជធានីភ្នំពេញ ​បាន​សម្រេចឧបត្ថម្ភ​ថវិកា​ចំនួន១០,០០០ដុល្លារ​​ក្នុង​មួយខែ ជូនដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​នេះ សម្រាប់​ទិញ​ថ្នាំ​ពេទ្យ​ ហើយឲ្យអាជ្ញាធរខណ្ឌទាំងអស់​ ត្រូវ​ចូលរួម​ជាមួយក្រុមគ្រូពេទ្យ​ និងចុះឲ្យដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នឹងត្រូវ​ដឹង​ពី​ទុក្ខ​ធុរៈ​របស់​ពួកគាត់​។

ការសម្រេចផ្តល់ថវិកាទ្រទ្រង់ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះធ្វើឡើង​នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីកម្មវិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លែនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអាជ្ញាធរដែនដី​ខណ្ឌទាំង១២​។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងបំណងស្វែងយល់ឲ្យបានច្បាស់ពីប្រជាពលរដ្ឋ នៅតំបន់ដែលមានបញ្ហាប្រឈម ហើយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរដែនដី ចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃតែម្តង។

លោក ឃួង ស្រេង បានលើកឡើងថា «នៅភ្នំពេញរបស់យើង​មានកម្មករកម្មការិនីរោងចក្រ ប្រមាណ៧០ទៅ៨០ភាគរយ មកពីបណ្តាខេត្តមករស់នៅទីក្រុងភ្នំពេញ ដើម្បីបំពេញការងាររបស់ខ្លួន​ ហើយកម្មករកម្មការិនីរោងចក្រ​នេះ មិនបានគិតចូលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតាមហាងនានាផង ហើយអ្នកទាំងអស់គ្នាជាមុខសញ្ញាដែលយើងត្រូវជួយពួកគាត់ ពិសេសលើការចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃ»

អភិបាលរាជធានីភ្នំពេញ ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ដែល​បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កន្លង​មក​​៕