(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ អាជ្ញាធរខេត្ត នឹងរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ និងអបអរសាទរ ប្រាសាទសំបូរព្រៃគុកជាសម្បត្តិ ក្រោយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នៅក្នុងពិធីព្រលែងកូនត្រីជាង៤ម៉ឺនក្បាល ក្នុង «ស្រះសហគមន៍ជម្រកត្រីអូរបុស្សម្កាក់» ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោកអភិបាលខេត្តកំពង់ធំ បានឆ្លៀតថ្លែងថា «ខ្ញុំសូមធ្វើការអំពាវនាវ និងជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ និងអន្តរជាតិ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីសែនព្រេនសុំសេចក្តីសុខ និងអបអរ នៃការដាក់ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិ បេតិកភណ្ឌពិលោក»។

កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕