(កំពង់ធំ)៖ កូនត្រីជាង៤ម៉ឺនក្បាលត្រូវបាន លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ យកទៅព្រលែងនៅក្នុង «ស្រះសហគមន៍ជម្រកត្រីអូរបុស្សម្កាក់» ស្ថិតនៅភូមិ ត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លើកឡើងថា នេះជាលើកទី១៥ហើយ ដែលមន្ទីរកសិកម្ម ប្រារព្ធពិធីលែងកូនត្រី និងមេត្រីពូជថ្នាក់ខេត្ត។
លោកបញ្ជាក់ថា «នៅក្នុងស្រះសហគមន៍ជម្រកត្រីអូរបុស្សម្កាក់ យើងមានការព្រលែងមេត្រីពូជចំនួន១០០គីឡូក្រាម មានដូចជា៖ ត្រីក្រាញ់ ផ្ទក់ អណ្តែង ឆ្ពិនផងដែរ រីឯកូនត្រីពូជវិញមានចំនួន៤ម៉ឺនក្បាល មានកូនត្រីឆ្ពិន៣០ ០០០ក្បាល កូនត្រីកាហែ៩ ០០០ក្បាល និងត្រីកន្ធរ១ ០០០ក្បាល លើសពីនេះទៅទៀតយើងក៏មានលែងនូវអន្ទង់ អណ្តើកចំនួនផ្សេងទៀត»។

នាឱកាសនោះលោក សុខ លូ បានលើកឡើងថា ការព្រលែងកូនត្រីនាពេលនេះ ពិតមានសារសំខាន់ និងផ្តល់នូវភាពរីកដុះដាលរបស់ មច្ឆជាតិ ក្នុងភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះការលែងត្រីនារដូវនេះ ចំពេលបិទការនេសាទទូទាំងប្រទេស លើកលែងតែការនេសាទលក្ខណៈគ្រួសារប៉ុណ្ណោះ។

លោកបានថ្លែងបន្តទៀតថា «ចំពោះការបិទការនេសាទនារដូវនេះ បានធ្វើឲ្យត្រីស្វែងរកទីជម្រកក្នុងការពង និងភ្ញាស់កូន ដើម្បីការរក្សាពូជបន្តទៀត ហើយដើម្បីរក្សាបាននូវ ភាព គង់វង្សទាំងអស់នេះ យើងត្រូវតែមានកិច្ចសហការរួមគ្នា រវាងបងប្អូនប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ និងសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ឲ្យបានស្អិតរមួតបន្ថែមទៀត»

លោកថា ក្នុងនាមជាមន្រ្តី ខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវេធ្វើការបង្កា្រប បទល្មើសនេសាទឲ្យមានប្រសិទ្ធិ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែនេសាទគ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យ ធ្វើការនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេល អនាគត៕