(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកល បានថ្លែងថា ​ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ទាំង៣​មានជំងឺអេដស៍ របេង និងគ្រុនចាញ់ ពីឆ្នាំ២០១៨ដល់ ២០២០ កម្ពុជាទទួលបានថវិកា​ប្រមាណ៩៨​លានដុល្លារ ពីគម្រោងមូលនិធិសកល ដើម្បីរៀបចំក្នុងការអនុវត្តគម្រោង និងរចនាសម្ព័ន្ធថ្មី ក្នុងនោះភាគីដែលមានតួនាទីសំខាន់ជាងគេ ក្នុងការអនុវត្តគម្រោងនេះ ឲ្យមានប្រសិទ្ធភាព គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងផែនការ ព្រមទាំងដៃគូម្ចាស់ជំនួយ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង​ ជំងឺឆ្លងនានា។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងការអនុវត្តគម្រោង​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារណាហ្គាវើល។

លោកទេសរដ្ឋមន្ត្រី​បានថ្លែងបន្តទៀតថា ជាការពិតថវិកា​ប្រមាណជិត១០០លានដុល្លារនេះ គឺពុំបានឆ្លើយតបគ្រប់​គ្រាន់ ទៅតាមតម្រូវការរបស់កម្ពុជា ទៅលើការអនុវត្ត​គម្រោងទាំងអស់នេះឡើយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលយកមូលនិធិ​ទាំងអស់នេះ ហើយរាជរដ្ឋាភិបាល ក៏នឹងបញ្ចេញកញ្ចប់ថវិកា​បំពេញបន្ថែម ដើម្បីបន្តយុទ្ធនាការនេះ ប្រកបដោយជោគជ័យ។

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ក៏បានបង្ហាញពីការបារម្ភមួយចំនួន នៅពេលដែលថវិកា​​​ជំនួយពីមូលនិធិសកល ត្រូវធ្លាក់ចុះ​នៅក្នុងត្រី​មាស​​ទី៣​ ព្រោះអាចជួបប្រទះ​នូវ​បញ្ហា​ ប្រឈមជាច្រើន និងអាចឈានដល់ការរាំងស្ទះ សម្រាប់ការអនុវត្តគម្រោងបន្ត​នៅឆ្នាំបន្ទាប់។ ប៉ុន្តែទោះបីជា​ថវិកា ពីមូលនិធិសកល​ មានការថយចុះ ហើយប្រទេសកម្ពុជា លែង​ជាប្រទេសក្រីក្រក្ដី ក៏លោកនៅតែអំពាវនាវដល់​ប្រទេសជាម្ចាស់ជំនួយ មេត្តាបន្តជួយគាំទ្របន្ថែមទៀត ព្រោះបន្ទុកនៅក្នុងការដោះ​ស្រាយ ផ្នែកសុខាភិបាល​ មិនថាប្រទេសណាទេ នៅលើសកលលោក គឺនៅតែមានបញ្ហាប្រឈមធ្ងន់ធ្ងរ​ ជាពិសេសគឺខណៈ​ដែលកម្ពុជា​ទើបតែងើបចេញ​ ពីភ្លើងសង្គ្រាមនេះ។

ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍រូបនេះ បានបន្តថា ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ទទួលជាអ្នកទទួលជំនួយផ្ទាល់ ពីមូលនិធិសកល (PR) ឯក្រសួងសុខាភិបាលទទួល ជាអ្នកអនុវត្តបន្ត ដោយសម្របសម្រួលសកម្មភាព ជាមួយកម្មវិធីជាតិ និងអង្គការមិនមែនរដ្ឋាភិបាល។ ​លោកយល់ឃើញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីដែលបានរៀបចំឡើងនេះ មិនដូចជារចនាសម្ព័ន្ធ អង្គភាពគ្រប់គ្រងជំនួយ (PMU)​ទេ។ ក្រសួងសុខាភិបាល ទទួលតួនាទី​ជាអ្នកនាំមុខ អនុវត្តកម្មវិធី Lead Implementation (LIP)។ ក្នុងតួនាទីនេះ អ្នកនាំមុខអនុវត្ត​កម្មវិធី LIT មានភារកិច្ចចំបង ក្នុងការសម្របសម្រួលរាល់សកម្មភាព ជាមួយអ្នកអនុវត្តកម្មវិធីផ្ទាល់ ដើម្បីបំពេញមុខងារទាំង៣ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចង្អុលបង្ហាញរួចហើយ គឺ​ទី១​ លទ្ធកម្ម, ទី២​ហិរញ្ញវត្ថុ និងទី៣ របាយការណ៍។

លោកក៏សូមអបអរសាទរ ចំពោះការព្រមព្រៀងគ្នា ជាគោលការណ៍រវាងក្រុមប្រចាំប្រទេស របស់មូលនិធិសកល (GF CT) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ស្តង់ដារ ប្រតិបត្តិការ (SOP) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងមូនិធិសកល ព្រោះថា ស្តង់ដាប្រតិបត្តិការនេះ ក៏ត្រូវបានធនាគារពិភពលោក ទទួលស្គាល់រួចហើយ។

ទន្ទឹមនឹងនេះ លោក អៀង ម៉ូលី សូមលើកទឹកចិត្ត ឲ្យក្រុមប្រចាំប្រទេសរបស់មូល​និធិសកល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តការចរចាលើចំណុចលម្អិត នៃស្តង់ដារប្រតិបត្តិការ ដើម្បីអាចឲ្យអនុវត្ត​បានដោយរលូន និងទទួលយកបានទាំងស្រុង ដោយមូលនិធិសកល។ ជាមួយគ្នានេះ លោកសូមទទួលស្គាល់ និងកោតសរសើរ ចំពោះការរៀបចំរចនាសម្ព័ន្អថ្មីនេះ ដែលអាចចាត់ទុកជា ជំហានដ៏វិជ្ជមានមួយ ក្នុងការពង្រឹងភាពជាម្ចាស់ (Ownership) របស់រាជរដ្ឋាភិបាល ក្នុងការធានានូវចីរភាព នៃកម្មវិធីសុខាភិបាល ដើម្បីបន្តលើកតម្កើងសុខុមាលភាព របស់ប្រជាជនយើង។

លោកសូមថ្លែងអំណរគុណ ចំពោះមូលនិធិសកល ដែលបានរួមចំណែករំលែកបន្ទុក ចំណាយផ្នែកសុខាភិបាលនៅកម្ពុជា ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ របស់រាជរដ្ឋាភិបាល។ ដោយបានទទួលជំនួយ សប្បុរសពីដៃគូអភិវឌ្ឍន៍ ជាពិសេសពីមូលនិធិសកល កម្ពុជាយើងបានទទួលជោគជ័យ គួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង រួមមាន​ អេដស៍ របេង និងគ្រុនចាញ់។ ក្នុងនាមរាជរដ្ឋាភិបាល លោកសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ទាំងអស់បន្តជំនួយតទៅទៀតដល់កម្ពុជា ដើម្បីឈាន​ទៅកម្ចាត់ជំងឺ អេដស៍ របេង និងគ្រុនចាញ់ ឲ្យបានជោគជ័យ ដូចការរំពឹងទុក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែទទួលស្វាគមន៍ជានិច្ច ជំនួយរបស់មូលនិធិសកល នៅក្រោយឆ្នាំ២០២០ តទៅទៀត ជាពិសេសសម្រាប់ការបង្ការ និងព្យាបាលជំងឺទាំង៣ ដែលនៅតែជាបន្ទុក​ដ៏ធ្ងន់ធ្ងររបស់កម្ពុជា ទោះជាយើងបានឆ្លងកាត់​ពីភាពជាប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលធម្យមកម្រិតទាប យ៉ាងណាក៏ដោយ។

សូមឲ្យការពិភាក្សារវាងក្រុមប្រចាំ ប្រទេសរបស់មូលនិធិសកល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីតួនាទីភារកិច្ច របស់យន្តការសម្របសម្រួល ប្រចាំប្រទេស ឬគណៈកម្មាធិការសម្របសម្រួល ជំនួយមូលនិធិសកលនេះ សម្រេចចេញជាផ្លែផ្កា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ដើម្បីអាចឲ្យយន្តការនេះ ដំណើរការបានចាប់​ពីឆ្នាំ២០១៨តទៅ៕