(កណ្តាល-ព្រៃវែង)៖ អំពើពុករលួយជាប្រព័ន្ធដ៏ធំមួយ នៅពន្ធនាគារខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាសាធារណៈបន្ទាប់ពីទណ្ឌិតជាចោរ ប្លន់ម្នាក់ ត្រូវបានកម្លាំងនគរបាល ខេត្តកណ្ដាល បំបែកសំណុំរឿងក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីទណ្ឌិតជាចោរប្លន់រូបនេះ បានសូកប៉ាន់ និងឃុបឃិតជាមួយអនុប្រធានពន្ធនាគារ ខេត្តព្រៃវែងម្នាក់ និងមន្ដ្រីមួយចំនួន រហូតអាចប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទដៃ Smart Phone លេង Facebook និង Line បោកបញ្ឆោតនារីរងគ្រោះមួយចំនួន រហូតថតបានរូបភាពអាក្រាតកាយនារីទាំងនោះ ដើម្បីយកទៅគំរាមទារលុយទៀតផង។
ការបង្ក្រាបករណីទណ្ឌិតប្រព្រឹត្តបទល្មើស នៅក្នុងពន្ធនាគារខាងលើនេះ បានកើតឡើងបន្ទាប់ពីស្ដ្រីម្នាក់ អាយុប្រមាណ៤៥ឆ្នាំរស់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានប្ដឹងទៅកាន់ស្នងការនគរបាល ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បន្ទាប់ពីទណ្ឌិតរូបនេះបានប្រើ Facebook លួងលោមគាត់ រហូតលង់ខ្លួនថតរូបអាក្រាតកាយ ផ្ញើទៅកាន់ជនដៃដល់ធ្វើឲ្យរូបគេយកទៅគំរាមបង្ហោះជាសាធារណៈដោយទាមទារលុយម្ដង៣,០០០ដុល្លារ និងម្ដង៥,០០០ដុល្លារ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក្រោយពីទទួលបានពាក្យបណ្ដឹងនារីរងគ្រោះរួចមក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឈានទៅដល់ការបំបែកសំណុំរឿងនេះ ដោយកំណត់មុខសញ្ញា គឺជាទណ្ឌិតម្នាក់ឈ្មោះ យ៉ែម ប្រុស កំពុងជាប់ពន្ធនាគារ នៅខេត្តព្រៃវែង ពាក់ព័ន្ធនឹងបទល្មើសប្លន់ ចំនួន៨លើកមានទោសចំនួន១០ឆ្នាំ។
បើតាមលោកស្នងការ បានឲ្យដឹងថា ទណ្ឌិតរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាំងពីឆ្នាំ២០១០មកម្ល៉េះ ពាក់ព័ន្ធករណីប្លន់៧លើក នៅខេត្តកំពត និងមួយលើកនៅខេត្តតាកែវ ហើយត្រូវបានតុលាការខេត្តកំពត សម្រេចដាក់ពន្ធនាគារ១០ឆ្នាំ ប៉ុន្ដែក្រោយជាប់ពន្ធនាគារបានជាង១ឆ្នាំ ទណ្ឌិតរូបនេះ បានរត់ការផ្ទេរមកកាន់ពន្ធនាគារខេត្តព្រៃវែង ហើយឃំុឃិតជាមួយអនុប្រធានពន្ធនាគារម្នាក់ឈ្មោះ អ៊ុំ រ៉ាយឿង រហូតរូបគេអាចមានកុំព្យូទ័រឡេបថបមួយគ្រឿង និងទូរស័ព្ទ៣គ្រឿង ប្រើលេខ៤ខ្សែ ដើម្បីបោកបញ្ឆោត នារីរងគ្រោះតាម Facebook និងតាមកម្មវិធីផ្ញើសារ Line ទៀតផង។ ពេលខ្លះទណ្ឌិតរូបនេះ អាចចេញពីពន្ធនាគារ ទៅខាងក្រៅដោយសារតែមានដៃជើងរបស់ខ្លួន ជាអនុប្រធានពន្ធនាគារ និងមន្ដ្រីពន្ធនាគារផង។
ស្នងការនគរបាលខេត្តកណ្ដាល បានបន្តបញ្ជាក់ថា ក្រោយបែកធ្លាយភាពមិនប្រក្រតីខាងលើនេះ ទណ្ឌិតត្រូវបានចៅក្រមសម្រេចផ្ទេរ ចេញពីពន្ធនាគារខេត្តព្រៃវែង ទៅពន្ធនាគារត្រពាំងផ្លុង ប៉ុន្ដែមន្ដ្រីអនុរក្សពន្ធនាគារ មិនទាន់ដឹងថ្នាក់លើចាត់វិធានការបែបណានោះឡើយ។
ក្រោយបញ្ចប់ការស៊ើបអង្កេតរួចរាល់ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហោះព័ត៌មានលម្អិតនៅលើ Facebook របស់លោកដូចខាងក្រោមនេះ៖
«សូមជូនដំណឹងដល់សុភាពនារី ដែលកំពុងនិយមលេងបណ្តាញសង្គមហ្វេសប៊ុកទាំងឡាយមេត្តាជ្រាប៖ ដោយយោងតាមបណ្តឹង របស់នារីរងគ្រោះ បានមកប្តឹងដល់សមត្ថកិច្ច យើងអំពីអំពើគំរាមបង្ហោះរូបអាក្រាតជាថ្នូរ និងប្រាក់5.000$។ អំពើនេះត្រូវបានជនល្មើស ប្រើប្រាស់បណ្តាញសង្គម Facebook (គណនី ផ្ទាល់ខ្លួន) ដើម្បីទាក់ទងសុំស្នេហាពីសុភាពស្ត្រី ដែលជាមុខសញ្ញា (Friend) របស់វា នៅពេលដែលសុភាពនារីយើង បានធ្លាក់ក្នុងអន្លុងស្នេហ៍របស់បិសាចព្រាននេះរួចហើយ ក៏បន្តបញ្ឆោតឲ្យសុភាពនារីយើងឆាតវីឌេអូ តាមរយះ Line ដើម្បីដុតបញ្ឆេះកំសួលតណ្ហាឲ្យឡើងកំដៅរួចក៏ដោះស្រាយ ( On line sex ) សម្រេចតណ្ហារៀងៗខ្លួន ដោយខ្លួនឯង ទៅហោង .....។ ក្នុងពេលដែលអ្នកទាំង២ កំពុងតែស្ថិតនៅក្នុងសមរភូមិ On line sex "oral sex" នោះ នៅម្ខាងបរុសវាបានត្រៀមទូរស័ព្ទ មួយទៀត ដើម្បីលួចថតសកម្មភាពរបស់ខាងរងគ្រោះ(សុភាពនារី) ដើម្បីទុកប្រើគំរាមទារប្រាក់ពីរងគ្រោះ ....។
មិនបង្អង់យូរក្រោយទទួលបានបណ្តឹងភ្លាម មន្ត្រីនគរបាលយុត្តិធម៌ ដឹកនាំដោយលោកផ្កាយមួយ រឿន ណារ៉ា បានប្រមូល Special Team របស់លោកចេញប្រត្តិបត្តិការ ដើម្បីតាមរកបិសាចព្រាននារីដ៏ថោកទាបម្នាក់នោះ មកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។ រយៈពេល ៤យប់៥ថ្ងៃ ប្រត្តិបត្តិការនេះ បានសម្រេចជោគជ័យទាំងស្រុង ហើយបានរារាំងទប់ស្កាត់ការបង្ហោះរូបភាពអាក្រាតកាយរបស់រងគ្រោះដែល វាលួចថតបាននោះពីសំណាក់ជនល្មើសផងដែរ។ ដំណើររឿងនោះមានជាអាទ៌ដូចតទៅ៖ ករណី-គំរាមកំហែងហែកកេរ្ដិ៍៖ -ផ្អែកតាមចម្លើយ របស់ឈ្មោះ យ៉ែម ប្រុស ចាប់តាំងពីឆ្នាំ២០១០មក ខ្លួនបានជាប់ពន្ធនាគារនៅខេត្តកំពត បន្ទាប់មកត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារ ខេត្តព្រៃវែង ដែលជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន០៨ករណី (ប្លន់០៧លើកនៅខេត្តកំពត និងប្លន់០១លើកនៅខេត្តតាកែវ) ជាប់ទោសសរុប១០ឆ្នាំ។ នៅក្នុងពន្ធនាគារ ខេត្តព្រៃវែង ពេលដែលរូបខ្ញុំ ចេញមកក្រៅបន្ទប់ឃុំឃាំង គឺអាចលេងកុំព្យូទ័រ និងទូរស័ព្ទបាន ពីព្រោះទទួលបានការអនុញ្ញាតិពីលោក អ៊ុ រ៉ាយឿង អនុប្រធានពន្ធនាគារខេត្តព្រៃវែង។ កន្លងមកខ្ញុំធ្លាប់ទិញសម្លារប្រើប្រាស់មួយចំនួនឲ្យ គាត់។ នៅក្នុងពន្ធនាគារ ខ្ញុំបាទប្រើប្រាស់ទូរស័ព្ទ០៣គ្រឿង (1-Samsung Not5. 2-Samsung Not3.3-Nokia) កុំព្យូទ័រយួរដៃ០១គ្រឿង និងប្រើប្រាស់លេខស័ព្ទ០៤ខ្សែ (096-8919254, 017-770773, 090-333833, 096-4444071) ទូរស័ព្ទទាំង០៣គ្រឿងនេះគឺឈ្មោះ លុក ដែលធ្លាប់ជាប់ពន្ធនាគារទិញឲ្យប្រើ ហើយឈ្មោះ យ៉ែម ប្រុស បានបង្កើតគណនីហ្វេសប៊ុកចំនួន០៥ សំរាប់លេងរួមមាន៖ (1-facebook ឈ្មោះ pros na. 2-facebook ឈ្មោះ Bong rin. 3-facebook ឈ្មោះ Sothea ra. 4-facebook ឈ្មោះ បឺតភាកូនម៉ាក់មុំ, 5-facebook ឈ្មោះ Chang Chang)។
នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ យ៉ែម ប្រុស មានទំនាក់ទំនងតាមបណ្តាញសង្គមហ្វេសប៊ុក ជាមួយម្ចាស់ហ្វេសប៊ុកឈ្មោះ ស.ណ. ជ (រងគ្រោះ) នៅពេលមានទំនាក់ទំនងស្នេហាជាមួយ ស.ណ.ជ (រងគ្រោះ) ក៏បានឆាតរកគ្នាជាប់ជាប្រចាំ ពេលនោះឈ្មោះ យ៉ែម ប្រុស តែងតែឡាយវីឌីអូ និងបានបង្ហាញប្រដាប់ភេទ ទៅឲ្យម្ចាស់ហ្វេសប៊ុករងគ្រោះមើល។ បន្ទាប់មកក៏សុំឲ្យសុភាពនារីរងគ្រោះឡាយវីឌី អូបង្ហាញប្រដាប់ភេទទៅឲ្យខ្លួនមើលវិញផងដែរ។ ពេលខាងស្រីថតបង្ហាញខ្លួន ក៏យកទូរសព្ឌ័១គ្រឿងទៀត ថតទុកដើម្បីប្រើប្រាស់ក្នុងការ គំរាមទារប្រាក់ជាថ្នូរ និងការបង្ហោះរូបនោះ។
ចំពោះលុយដែលម្ចាស់ហ្វេសប៊ុក ស្ត្រីរងគ្រោះផ្ញើមកឲ្យ៥០០ដុល្លារដាក់តាមវីង គឺខ្ញុំបាទបានឲ្យឈ្មោះ ចែម៉ៅ មន្រ្តីពន្ធនាគារខេត្តព្រៃវែង ជាអ្នកទៅដកលុយ ដោយគ្រាន់តែយកលេខកូដទៅបើកបានហើយ។ ក្រោយមកឈ្មោះ យ៉ែម ប្រុស បានទារលុយពីនារីរងគ្រោះចំនួន ៥,០០០ដុល្លារអាមេរិកទៀត តែនារីបានផ្ញើឲ្យ១០ដុល្លារ ចំនួន០២ដង (២០ដុល្លារ) និងបានប្រើឲ្យឈ្មោះ គង់ ជាមន្រ្តីពន្ធនាគារខេត្តព្រៃវែង យកលេខកូដទៅដក ហើយឈ្មោះ យ៉ែម ប្រុស បានទូរស័ព្ទទៅស្ត្រីរងគ្រោះ ថា ត្រូវតែផ្ញើប្រាក់មកឲ្យចំនួន២,០០០ដុល្លារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កុំបីខាន បើមិនដូចនេះទេ នឹងបង្ហោះរូបអាក្រាតកាយតាមប្រព័ន្ធសង្គម Facebook។ ប៉ុន្តែវាមិនមានសំណាងបាន ទទួលលុយនេះទេ វាត្រូវបានសមត្ថកិច្ចយើងរកឃើញវា ដែលជាទណ្ឌិតកំពុងជាប់ទោសក្នុងគុកខេត្តព្រៃវែងនោះឯង។
សូមបញ្ជាក់ថា នៅក្នុង Laptop ជនល្មើសនៅមានរូបវីឌេអូអាក្រាតរបស់នារី ដែលវាទាក់ទងស្នេហាមិនក្រោម៥-៦នាក់ទៀត។ ហើយនៅ ក្នុងគណនីហ្វេសប៊ុក ជនល្មើសមានមិត្តភ័ក្ត្រសុទ្ធតែជានារី ក្នុងមួយគណនីជាង១៥០នាក់ផងដែរ។
ជាមួយគ្នានេះ ស្នងការខេត្តកណ្តាល បានថ្លែងបញ្ជាក់ថា «ឆ្លងកាត់រឿងរ៉ាវមួយនេះ ខ្ញុំសូមសំណូមពរដល់សភាពនារី ទាំងឡាយមេត្តាប្រុង កាយអប់រំចិត្ត កុំឲ្យជឿស្លុងទៅតាមពាក្យផ្អែមល្ហែមលួងលោមរបស់បុរស ហើយព្រមគ្រប់យ៉ាងដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់របស់ខ្លួន ចំពោះគេបែបនេះនោះ។ សង្ឃឹមថា សុភាពនារីទាំងឡាយរបស់ខ្ញុំ មិនចាញ់កល់បុរសព្រានថោកទាបបែបនេះ តទៅទៀតឡើយ។ បំណងល្អពីនគរបាលខេត្តកណ្តាល»។
បើតាមលោកស្នងការ «យើងខ្ញុំ នឹងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ដើម្បីបំផ្លាញរូបភាព Online Sex ដែលជនល្មើសបានថតទុក ទាំងនោះចោល កុំបារម្ភណា!»៕