(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អមដោយលោកអភិបាលរងខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ នៅ​ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះពិនិត្យមើលការដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែ ជូនពលរដ្ឋដើម្បីប្រើប្រាស់ ស្ថិតក្នុងព្រុំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់​និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​។

​អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រព័ន្ធលូបង្ហូរទឹកដែលកំពុងនឹងដាក់ជូនពលរដ្ឋប្រើប្រាស់នាពេលខាងមុខនៅពេលនេះ គឺមានប្រវែងសរុប​​១,២៧៨ម៉ែត្រ ទំហំ១ម៉ែត្រ ដែលផ្ទៃប្រវែងនេះ លាតសន្ធឹងកាត់ភូមិចំនួន៤ ស្មើនិងសង្កាត់ចំនួន២ ក្នុងនោះ​រួមមាន ភូមិតាង៉ៅស្ថិត ក្នុងសង្កាត់និរោធ​, ភូមិជ្រោយបាសាក់ ភូមិជ្រោយបាសាក់១ និងភូមិព្រះពន្លា ស្ថិតក្នុងសង្កាត់ព្រែកប្រា​។

លោក សំ សុធារី អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ បានបញ្ជាក់ថា ការដ្ឋានលូនេះ​គឺជាគម្រោងអភិវឌ្ឍន៍ខណ្ឌ ហើយក្រោយការដាក់ប្រព័ន្ធលូបង្ហូរទឹកហើយនោះ ផ្លូវមួយខ្សែនេះ នឹងត្រូវចាក់ប៉េតុងបំពេញពីលើបន្ថែម ប៉ុន្តែការចាក់បេតុងនោះ គឺចាក់បំពេញតែ​៣០០ម៉ែត្រប៉ុណ្ណោះ ក្នុងប្រវែង១,២៧៨ម៉ែត្រ ព្រោះផ្ទៃក្រឡាដែលសេស​សល់បានចាក់បំពេញបេតុង រួចរាល់ហើយ​។

ក្នុងការចុះពិនិត្រផ្លូវដដែល លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានសុំការអាធ្យាស្រ័យខ្ពស់ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ ចំពោះការប៉ះពាល់ដល់ការរស់នៅ ឬធ្វើដំណើរទៅមកប្រចាំថ្ងៃ ព្រោះថាការអភិវឌ្ឍន៍ ឬស្ថាបនាអ្វីមួយតែងតែជៀសមិនផុតឡើយពីបញ្ហាប្រឈម ឬផលប៉ះពាល់ ដូច្នេះហើយសូម បងប្អូនមេត្តាយោគយល់ ជាមួយអាជ្ញាធរគ្រប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ ក្នុងមូលដ្ឋានផង​។

បន្ថែមពីនោះ លោកអភិបាល ​បានស្នើដល់មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បំពេញបន្ថែមនូវតម្រូវការខ្វះខាតផ្សេងៗ របស់បងប្អូនដែលរស់នៅអមសងខាងផ្លូវ តាមដែលអាចធ្វើទៅបាន​ក្នុងកំឡុងការស្ថាបនា ដូចជាការជួយជាកម្លាំង ក្នុងការជីក គាស់ដី ឬតភ្ជាប់ ទុយោផ្សេងៗ ហើយហាមដាច់ខាតមិនឲ្យមានការយកលុយកាក់ ពីពលរដ្ឋក្នុងការតភ្ជាប់ប្រព័ន្ធលូ ពី​ក្នុងលំនៅឋានរបស់បងប្អូនចូលមកប្រព័ន្ធលូធំឡើយ ប៉ុន្តែបើពួកគាត់ផ្តល់ឲ្យក្នុងនាមអាណិត ស្រលាញ់រាប់អាន នោះគឺជាទឹក​ចិត្តរបស់គាត់​។

សូមបញ្ជាក់ថា នៅព្រឹក​ដែរ​លោកអភិបាលខណ្ឌ ក៏បានអញ្ចើញទៅពិនិត្រមើលផ្លូវមួយខ្សែ ប្រវែង​២១៥ម៉ែត្រ ស្ថិតក្នុងភូមិតាង៉ៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលគ្រោងនឹងស្ថាបនាផ្លូវបេតុងបន្ថែមពីលើ ក្រោយបានដាក់ប្រព័ន្ធលូបង្ហូរទឹករួលរាល់ថ្មីៗ​៕