(ភ្នំពេញ)៖ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ធំដំបូងគេ លើផ្នែកដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយនិងក្រុមហ៊ុន Kamaz FTC ដែលជាសាជីវកម្មរថយន្ត ធំបំផុតរបស់សហព័ន្ធរុស្ស៊ី ក្នុងការនាំចូលចែកចាយផ្ដាច់មុខ នូវរថយន្ដធុនធំ Kamaz មកកម្ពុជា ។

លោកឧកញ៉ាសៀ ឬទ្ធីបានថ្លែងថា អនុស្សរណៈនេះ នឹងត្រូវបែងចែកជា៣ដំណាក់កាល «ដែលដំណាក់កាលទី១-ភាគីយើងទាំងពីរ នឹងធ្វើការស្រាវជ្រាវលើទីផ្សារ ពី៣-៥ខែ, ទីពីរ-យើងនឹងនាំចូលរថយន្ត Kamaz មកកម្ពុជាតែម្ដង និងទី៣- យើងនឹងបង្កើតរោងចក្រ តំឡើងរថយន្ដនេះ នៅកម្ពុជា»

លោកឧកញ៉ាបន្ថែមថា « ពេលដែលយើង នាំចូលនូវរថយន្ដធន់ធ្ងន់នេះ មកកម្ពុជា ប្រជាពលរដ្ឋយើង នឹងទទួលបានផលចំណេញច្រើន លើពន្ធនាំចូល បានប្រើប្រាស់របស់ថ្មី គុណភាពខ្ពស់ ជាងរបស់មួយទឹក មិនចំណាយថវិកាច្រើន លើការជួសជុលពេលវាខូច ពិសេសមិនពិបាក លើគ្រឿងបន្លាស់ កាន់តែអស្ចារ្យនោះ គឺនៅ៣ឆ្នាំខាងមុខ យើងនឹងបង្កើតរោងចក្រ តំឡើងរថយន្ដនេះ នៅកម្ពុជាតែម្ដង ដែលនឹងធ្វើឲ្យតម្លៃរថយន្ដនេះ ទាបជាងមុន ដែលបង្កើតភាពស្រួលបន្ថែម ក្នុងប្រើប្រាស់ នោះយើងនឹងទទួលបាលគាំទ្រខ្ពស់ ពីអតិថិជនយើងផងដែរ »។

លោក Tronin Artem អ្នកតំណាងផ្នែកលក់របស់ក្រុមហ៊ុន Kamaz FTC នៅអាស៊ីបានលើកឡើងផងដែរថា «តាមរយៈចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុនយើងទាំងពីរ នឹងនាំចូលរថយន្ដធុនធ្ងន់ Kamaz មកកម្ពុជា ក្នុងពេលដ៏ខ្លះខាងមុខ បន្ទាប់ពីសិក្សាសក្ដានុពលទីផ្សាររួចហើយនោះ ព្រោះបច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានការកើនឡើងខ្ពស់ នោះតម្រូវការ នៃរថយន្ដ Kamaz ថ្មីរបស់យើង មានឈ្មោះល្បីល្បាញស្រាប់ ទូទាំងប្រទេសពិភពលោកផងនោះ វាក៏កាន់តែចាំបាច់បំផុតសម្រាប់កម្ពុជា»

គួររម្លឹកថា ការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) និងក្រុមហ៊ុន Kamaz FTC បានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៧ ខែកក្កដា នៅការិយាល័យលក់ របស់Oxley Worldbridge ដែលមានការចូលរួមផ្ទាល់ ពីឯកអគ្គរដ្ឋទូត រុស្ស៊ីផងដែរ៕