(ភ្នំពេញ)៖ ក្រោយមានការរិះគន់ខ្លាំងៗពីមហាជន ជាពិសេសបុរសខ្លាំងតេជោ សែន, នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ បានបង្ហោះសារគាំទ្រចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាលក្ខណៈបុគ្គលលោកផ្ទាល់ ដោយមិនបង្ហាញជំហរ នៃគណបក្សសង្រ្គោះជាតិឡើយ ចំណុចនេះត្រូវបានអ្នកវិភាគលើកឡើងថា អាចជាការផ្គាប់ចិត្ត ចៅហ្វាយនាយរបស់លោកតែប៉ុណ្ណោះ​នោះគឺបុរសខ្លាំងតេជោ សែន។

នៅថ្ងៃនេះស្របពេលរៀបចំពិធីអបអរសាទរ លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានកើតនៅលើទឹកដី មាតុភូមិកម្ពុជា ជាទឹកដីសំបូរទៅដោយសម្បត្ដិវប្បធម៌ដ៏ល្បីល្បាញ ដូចជា ប្រាសាទសំបូរព្រៃគុក ជាដើម។ ខ្ញុំសូមគាំទ្រទាំងស្រុង នូវការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»

អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា សារនេះគឺជាសារគាំទ្រជាលក្ខណៈឯកជនរបស់លោក កឹម សុខា ព្រោះប្រធានគណបក្សសង្រ្គោះជាតិនេះមិនហ៊ាន ចេញសារគាំទ្រជាជំហររបស់បក្សនោះទេ ដោយសារនេះជាស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការចេញសារគាំទ្រក្នុងនាមលោក កឹម សុខា ខ្លួនឯងផ្ទាល់នេះទំនងជា ធ្វើតាមការបង្គាប់របស់បុរសខ្លាំងតេជោ សែន ដែលគេជឿថាជាចៅហ្វាយរបស់លោក។ ការអះអាងរបស់អ្នកវិភាគនេះ ដោយសារសំអាងនៃភស្តុតាងសម្លេង សន្ទនាផ្អែមល្ហែមរវាងលោក កឹម សុខា និងបុរសខ្លាំងនៃកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៦ ដែលមានរយៈពេលជាង២០នាទី។ (ស្តាប់សម្លេងសន្ទនាសំងាត់បែកធ្លាយខាងក្រោម)។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយការបែកធ្លាយសំឡេងសន្ទនាជាង២០នាទីរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា លោក កឹម សុខា ដែលកាលនោះជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានយល់ព្រមភ្លាមៗធ្វើតាមការបង្គាប់បញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការចេញនូវសារ អំពាវនាវឱ្យអ្នកនយោបាយខ្មែរ រក្សាភាពស្ងប់ស្ងាត់ នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ដើម្បីឱ្យប្រជាពលរដ្ឋដោយស្ងប់ចិត្ត និងធ្វើតាមយុទ្ធសាស្រ្តផ្សេងៗជាច្រើនទៀត។ សារនយោបាយនោះដូចគ្នាទៅនឹងសាររបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ប៉ុន្តែសាររបស់លោក កឹម សុខា នាពេលនោះគឺផ្ទុយទាំងស្រុងទៅនឹងជំហររបស់ លោក សម រង្ស៊ី។

សូមរំលឹកឡើងវិញថា ក្រោយកិច្ចសន្ទនាដ៏ផ្អែមល្អែមនោះរួចមក សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា បានចាប់ផ្តើមដើរតាមយុទ្ធសាស្រ្ត ជាច្រើនជំហ៊ានឈាន ទៅសម្រេចគោលដៅរួម ក្នុងការកម្ចាយលោក សម រង្ស៊ី។

១៖ លោក កឹម សុខា ត្រូវបានបើកផ្លូវឲ្យចេញពីទីស្នាក់ការគណបក្សជាលើកដំបូងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីឃុំខ្លួនឯងអស់ជាង ៦ខែនៅស្នាក់ការបក្ស។ នៅព្រឹកថ្ងៃនោះ លោក កឹម សុខា ដែលពេលនោះនៅជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញទៅកាន់ការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២៖ លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យព្រះរាជទាន លើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។

៣៖ ក្រោយពីទទួលព្រះរាជទានលើកលែងទោសនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបើកការជួបជជែក ដោយចំហរជាមួយលោក កឹម សុខា នៅវិមានរដ្ឋសភា ក្រោមការយកព័ត៌មានជាច្រើនពីក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ។ កាយវិការនេះ ជាការបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន កំពុងផ្តល់អនុភាពទៅឲ្យលោក កឹម សុខា ជាដៃគូថ្មីក្នុងកិច្ចពិភាក្សានយោ បាយជំនួសលោក សម រង្ស៊ី។

៤៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនឲ្យទណ្ឌិតធ្វើជាប្រធានគណបក្ស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំៗ០១៧នេះ នៅក្នុងកិច្ចប្រជុំសភា។

៥៖ ក្រោយច្បាប់ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បានបង្ខំឲ្យលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្ស សង្រ្គោះជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏ធ្វើឲ្យលោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង ១ឆ្នាំ បានឡើងកាន់តំណែងប្រធាន គណបក្សសង្រ្គោះជាតិជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រ នៅក្នុងសមាជវិសាមញ្ញរបស់បក្ស។

ការដណ្តើមបានតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហាក់មិនបានធ្វើឲ្យលោក កឹម សុខា ស្កប់ស្កល់នោះទេ។ លោក កឹម សុខា អ្នកនយោបាយដែលគេចាត់ ទុកសុភាពបុរសក្លែងក្លាយរូបនេះ បានបង្ខំចិត្តបោះដៃសុំចិត្តបុរស ធ្លាប់មានសមានចិត្តជាមួយខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ជួយសម្រេចមហិច្ឆតាចុងក្រោយកម្ចាយលោក សម រង្ស៊ី ឲ្យរសាត់ទៅកាន់តែឆ្ងាយពី គណបក្សសង្រ្គោះជាតិ តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយជាថ្មីលើកទី២នេះ៕ សម្លេងសន្ទនាសំងាត់រវាងបុរសខ្លាំងតេជោ សែន និងលោក កឹម សុខា៖