(ភ្នំពេញ)៖ លោក ស្តើង សុខុម អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ហៅកាត់ថា CUS នាពេលថ្មីៗកន្លងទៅនេះ បានដឹកនាំវាគ្មិនល្អៗ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ២៥០នាក់ នៅវិទ្យាល័យ ហ៊ុន សែនពាមរក៏ ខេត្តព្រៃវែង ក្នុងគោលបំណងផ្តល់ នូវបទពិសោធន៍ពីគន្លឹះសិក្សាដើម្បីជោគជ័យ ការតភ្ជាប់រវាងមធ្យមសិក្សា និងឧត្តមសិក្សា ពិសេសការគាំទ្រគោលនយោបាយ «ចេះគឺប្រឡងជាប់» របស់ក្រសួងអប់រំ យុវជន និងកីឡា​។

លោក ចាប យុវណ្ណា នាយកវិទ្យាល័យ ហ៊ុន សែន​ពាមរ​ក៏ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយដល់គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខ ដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងវិទ្យាល័យ ហ៊ុន សែនពាមរក៏ ឲ្យកាន់តែខិតខំរួមគ្នាលើកកម្ពស់គុណភាពអប់រំបន្ថែមទៀត។

ជាមួយគ្នានោះ លោក ស្តើង សុខុម បានឲ្យដឹងថា ការលើកកម្ពស់គុណភាព​បណ្តុះបណ្តាលពិតជាសំខាន់ ទាំងក្របខណ្ឌផ្ទាល់​ខ្លួន និងប្រទេសជាតិ។ ប្រវត្តិសាស្រ្តបង្ហាញថា ប្រទេស​ឆ្លងកាត់សង្គ្រាមហែកហួរ អសន្តិសុខ ចែកតំបន់ត្រួតត្រាផ្សេងគ្នា លើទឹកដីតែមួយដែលពេលនោះកុំថាឡើយ រឿងគុណភាព សូម្បីតែឱកាសរៀនសូត្រក៏គ្មានដែរ។ ពេលនេះប្រទេសជាតិ​យើង ទទួលបាននូវសន្តិភាពពេញផ្ទៃប្រទេស ដែលជាឱកាសមួយសម្រាប់ប្អូនៗ ក្មួយៗខិតខំសិក្សារៀនសូត្រ ក្រេបយកនូវចំណេះដឹង ឲ្យក្លាយជាទំពាំងដែលលូតលាស់ល្អ មានប្រយោជសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិ ហើយខិតខំថែរក្សាឲ្យបាននូវសន្តិភាព។

ទាក់ទងនឹងគោលនយោបាយអភិវឌ្ឍន៍រាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាង ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ចូលរួមធ្វើសមាហរណកម្មសហគមន៍​ សេដ្ឋកិច្ចអាស៊ាន ពង្រីកទីផ្សារថ្មីដូចជា ចិន ជប៉ុន​ សហគមន៍អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត​ជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ក្នុងគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងគុណភាពអប់រំ នៅគ្រប់ភូមិសិក្សាដើម្បីឲ្យធនធានយុវជន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រគួតប្រជែងទីផ្សារការងារ ទំាងក្នុងស្រុក និងលើទីផ្សារការងារអន្តរជាតិ។

ដើម្បីចូលរួមគាំទ្រក្នុងការលើកកម្ពស់គុណភាពអប់រំ លោក ស្តើង សុខុម ក៏បានឧបត្ថម្ភអាវយឺតម្នាក់១ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួម, ឧបត្ថម្ភថវិកា ២លានរៀល ដល់វិទ្យាល័យ ហ៊ុន សែន ពាមរក៏ និង​លោកគ្រូ អ្នកគ្រូ៥ម៉ឺនរៀលៗ, ឧបត្ថម្ភសម្លៀកបំពាក់កីឡា ចំនួន៣០កំប្លេរ និងបាល់ទាត់ចំនួន០៥ ដល់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមរក៏។ លោកក៏បាន​ឧបត្ថម្ភដល់សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់បាក់ឌុប និទេ្ទសសរុប A នឹងទទួលបាន Computer យួដៃម៉ាក Dell ចំនួន០១គ្រឿងក្នុងម្នាក់។

​លើសពីនេះទៀត លោក ស្ដើង សុខុម ​បានប្រកាសជួសជុលអាគារទ្រុឌទ្រោម មួយខ្នង មាន០៤បន្ទប់ កសាងនៅឆ្នាំ១៩៦២ ដែលប៉ាន់ប្រមានជំហានដំបូង អស់ថវិកាប្រមាណ​៣ម៉ឺនដុល្លារ ក្នុងនោះអំណោយថវិកាផ្ទាល់ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ចំនួន​១ម៉ឺនដុល្លារ និងក្រៅពីនេះ ជាថវិកាមូលនិធិរបស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS)។

ដើម្បីជាការចែករំលែកបទពិសោធន៍ក្នុងការសិក្សារៀនសូត្រលោកជៃ សំអាត សាកលវិទ្យាធិការរងប្រតិបត្តិនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក៏បានលើកឡើងពីការតភ្ជាប់រវាងការសិក្សានៅមធ្យមសិក្សានិងការសិក្សានៅឧត្តមសិក្សាដែលមានលក្ខណៈខុសប្លែកគ្នាត្រង់ថា នៅមធ្យមសិក្សា យើងសិក្សាចំណេះដឹងទូទៅដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ចំណែកការសិក្សានៅឧត្តមសិក្សាផ្តោតលើជំនាញវិជ្ជាជីវៈពិតប្រាកដដោយផ្សារភ្ជាប់រវាងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅទីផ្សារការងារនិងមុខរបរ

ក្នុងនោះលោក ជៃ សំអាត សាកលវិទ្យាធិការរងប្រតិបត្តិ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានលើកឡើងពីការ​រីកចម្រើន និងការអភិវឌ្ឍន៍ របស់សាកលវិទ្យាល័យ​​ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០០២ រហូតមកដល់ពេលនេះ មានទីតាំងចំនួន០៨ក្នុងនោះ នៅរាជធានីភ្នំពេញ​មាន០២គឺ ទីតាំងទួលគោក និងសាខាស្ទឹងមានជ័យ ព្រមទំាងសាខាតាមខេត្ត ចំនួន០៦ទៀតគឺកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។

លោកថា ​បានបណ្តុះបណ្តាលនិស្សិតសរុប៤១,៨៦៣នាក់ និស្សិតកំពុងរៀនជាង​១ម៉ឺននាក់ លើ៥មហាវិទ្យាល័យ និង២៣ឯកទេស ចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ បន្ថែមពីនេះ លោក​ពន្យល់ថា មូលដ្ឋានគ្រឹះនៃចំណេះដឹង ជាការសំខាន់ណាស់ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញ ដែលត្រូវបន្តការសិក្សានៅឧត្តមសិក្សា ការសម្រេចចិត្តសិក្សាជំនាញអ្វីមួយត្រូវតែគិតទៅដល់៖ ទី១៖ចំណេះដឹងដែលខ្លួនមានជាមូលដ្ឋាន ទី២៖តម្រូវការទីផ្សារការងារ ឬឱកាសបង្កើតការងារ និងទី៣៖លទ្ធភាពឬធនធានហិរញ្ញវត្ថុ។

លោក​បញ្ជាក់​​ថា បច្ចុប្បន្ននេះបញ្ហាធនធានហិរញ្ញវត្ថុ លែងជាបញ្ហាប្រឈមសម្រាប់ការសិក្សា នៅឧត្តមសិក្សាទៀត​ហើយ ព្រោះ​សាកលវិទ្យាល័យ CUS បានចុះ MoU ជាមួយក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាង៥០០ ដើម្បីដោះស្រាយការងារជូន និស្សិតដែលខ្វះខាតធនធានក្នុងការសិក្សាគឺ «សិក្សាបណ្តើរ ធ្វើការងារបណ្តើរ»៕