(ពោធិសាត់)៖ មន្ត្រីសមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តពោធិ៍សាត់បានអះអាងថា ជារៀងរាល់យប់ចាប់ពីម៉ោង១១-១២ទៅ នៅតាមដង​ផ្លូវជាតិលេខ៥៥ និងផ្លូវខេត្តលេខ១៥៥ គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង និងរថយន្តយីឌុបមិនក្រោម១០គ្រឿងឡើយ បានដឹក​ឈើប្រណីតប្រភេទធ្នង់ចេញពី​ស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ កាត់តាមផ្លូវជាតិលេខ៥​ក្នុងទិសដៅយក​ទៅលក់នៅ​ប្រទេសវៀតណាម។

សកម្មភាពឈ្មួញប្រមូលទិញ និងដឹកជញ្ជូនឈើធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញយកទៅលក់​នៅប្រទេសវៀតណាម​ជារៀងរាល់​យប់នេះ គេគ្មានឃើញសមត្ថកិច្ចនៅតាមដងផ្លូវណាមួយចេញមុខបង្ក្រាបនោះឡើយ ព្រោះឈ្មួញបានទាក់ទងបង់​លុយតាមក្បាលរថយន្ត​ជាមួយមេៗ សមត្ថកិច្ចទាំងអស់នោះរួចអស់ហើយ ដោយគេឃុបឃិតគ្នាប្រព្រឹត្តបទល្មើសជាប្រព័ន្ធតែម្ដង។

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង១១ទៅ​ម៉ោង១២យប់​ថ្ងៃទី១៦ ​ខែកក្កដា ​ឆ្នាំ២០១៧នេះ ​យ៉ាងហោចណាស់​ក៏​​មាន​ក្បួន​រថយន្ត​សាំ​យ៉ុង​​ដឹក​​ឈើ​ធ្នង់​ជិត១០គ្រឿង​ដែរ ​បាន​បើក​បន្តកន្ទុយ​គ្នា​ចេញពី​ស្រុក​វាលវែង ​និង​ស្រុក​ភ្នំក្រវ៉ាញ ​ឆ្ពោះ​មក​ភ្នំពេញ​ដោយ​សមត្ថកិច្ច​​ដែល​ឈរ​​ជើង​នៅ​​តាម​ដងផ្លូវ​មិន​ហ៊ាន​បង្ក្រាប​ទេ ​គឺ​បាន​ត្រឹមតែ​ឈរ​រាប់​ក្បាល​រថយន្ត​ដើម្បី​រាយ​កា​រណ៏​ប្រាប់​មេៗ​របស់​ពួកគេ​តែប៉ុណ្ណោះ ​ព្រោះ​មេៗ​ខ្លាច​​ពួក​​ឈ្មួញ​​សុី​ដាច់​តួលេខ​។ ​ប៉ុន្តែ​ពេល​រថយន្ត​បើក​ចូល​ដល់​ដែនដី​ខេត្ត​កំពង់ឆ្នាំង ​ទើ​បកូនៗ​សមត្ថកិច្ច​នៅ​ខេត្តពោធិ៍សាត់​​ដែល​មិន​ទទួល​បាន​​ផលប្រយោជន៍ ​ក៏​ទូ​រស័ព្ឌ​ប្រាប់​សមត្ថកិច្ច​នៅ​ខេត្ត​កំពង់ឆ្នាំង​អោយ​ចេញ​បង្ក្រាប ​តែ​បែក​កា​រណ៏ ​ចាប់បាន​តែមួយ​រថយន្ត​ប៉ុណ្ណោះ ​ក្រៅពីនោះ​បាន​បើក​រត់គេច​បាត់​អស់​។

តាម​អ្នកដឹង​រឿង ​នៅ​ខេត្តពោធិ៍សាត់ ​បច្ចុប្បន្ន​នេះ ​មាន​ឈ្មួញ​ឈើ​ធំៗ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​អាច​ឈរជើង​រក​សុី​បទល្មើស​ព្រៃឈើ​បាន​។​ក្នុង​នោះ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ​ជា ​ពៅ ​ដែល​មាន​ថៅកែ​ធំ​នៅ​ភ្នំពេញ​ទម្លាក់​លុយ​អោយ​ប្រមូល​ទិញ​ឈើ​ប្រណីត ​និង​ឈើ​ក្ដា​នៅ​​ក្នុង​ខេត្ត​​ពោធិ៍សាត់​​អោយ​គឺជា​ឈ្មួញ​ដែល​មាន​ឥទ្ធិពល​ជាងគេ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះ​ឡើយ ​ព្រោះ​សុទ្ធតែ​ទទួលផល​​ប្រយោជន៍​​ពី​ឈ្មួញ​​ឈ្មោះ​ជា ​ពៅ ​ទាំងអស់ ​សូម្បីតែ​មន្ត្រី​មេព្រៃ​ដែល​ជា​ជំនាញ​ខាង​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ក៏​អង្គុយ​​រាប់​ក្បាល​រថយន្ត​យក​​លុយ​ដែរ​៕