(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសល បង្កើតកម្មវិធី វិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកកម្ពស់ការយល់ដឹង ពីចរាចរណ៍ ដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង និងសៀមរាប កម្មវិធីនេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ក្នុងអំឡុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ កាលពីកន្លងទៅ ។

ក្រោមគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងតាមរយៈការចែករំលែកសារអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ប្រកបដោយសារៈប្រយោជន៍ និងអាចជួយសង្គ្រោះជីវិត កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅមួយចំនួន រួមមាន ខេត្តព្រៃវែង បាត់ដំបង និងសៀមរាប ។

លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានថ្លែងថា «មូលនិធិព្រូដិនស៍ ដែលជាផ្នែកមួយនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ អំពីសុខភាព សុវត្ថិភាព និងការគាំពារជីវិតប្រជាពលរដ្ឋ ។ នៅប្រទេស ក្នុងតំបន់អាស៊ីជាច្រើន គ្រោះថ្នាក់ចរាចរណ៍ នៅតែជាឃាតកលេខមួយ ដែលឆក់យកជីវិតមនុស្សវ័យក្មេង ដែលមានអាយុចន្លោះពី១៥ ទៅ ២៩ឆ្នាំ ដែលក្នុងនោះកម្ពុជាក៏ជួបប្រទះបញ្ហាដូចគ្នា ។ យើងជឿជាក់ថា កិច្ចការនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍នៅកម្ពុជា»។

នៅកម្ពុជា តាមរយៈការគាំទ្រ និងឧបត្ថម្ភថវិកាពី មូលនិធិព្រូដិនស៍ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំពុងត្រូវបានអនុវត្ត ដោយអង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការកាកបាទក្រហមកម្ពុជា ជាដើម ។

នៅក្នុងសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅខេត្តបាត់ដំបង និងសៀមរាប កាលពីពេលថ្មីៗនេះ ក្រុមធំៗដែលរួមមានអ្នកស្ម័គ្រចិត្តពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា មន្ត្រីអង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក យុវជនកាកបាទក្រហមកម្ពុជា និងមន្រ្តីនគរបាលចរាចរណ៍មូលដ្ឋាន បានមានវត្តមាន នៅតាមផ្លូវប្រសព្វធំៗក្នុងទីប្រជុំជននៃខេត្តទាំងពីរ ដើម្បីចែកខិត្តប័ណ្ណផ្តល់ព័ត៌មាន និងណែនាំអ្នកប្រើប្រាស់ផ្លូវអំពីការគោរពច្បាប់ចរាចរណ៍ ។ ពួកគាត់បានចងបដាណែនាំនៅតាមទីតាំងសំខាន់ៗ ដើម្បីរំឮកប្រជាពលរដ្ឋ អំពីសារៈសំខាន់ នៃការគោរពល្បឿនកំណត់ ពាក់មួកសុវត្ថិភាព និងជៀសវាង បើកបរក្រោមឥទ្ធិពលស្រវឹង ហើយពួកគាត់ ក៏បានចុះទៅតាមសាលារៀន ដូចជា វិទ្យាល័យ ១០មករា ក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សដែលប្រើប្រាស់ផ្លូវជាញឹកញាប់ជារៀងរាល់ថ្ងៃ ។

លោកស្រី យ៉ាង សុធារី ជាបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ម្នាក់ដែលបានស្ម័គ្រចិត្ត ចូលរួមក្នុងសកម្មភាព លើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅខេត្តសៀមរាប បាននិយាយថា «ខ្ញុំគិតថាកម្មវិធីនេះ មានសារៈសំខាន់ខ្លាំង ព្រោះសុវត្ថិភាពចរាចរណ៍ នៅតែជាបញ្ហាមួយ ដែលយើងព្រួយបារម្ភ ហើយតាមរយៈសកម្មភាពនៃកម្មវិធីនេះ យើងបានចែករំលែកព័ត៌មាន អំពីសុវត្ថិភាពចរាចរណ៍ និងក្រើនរំឮក ដល់អ្នកប្រើប្រាស់ផ្លូវ និងផ្តល់ជាសារ ដែលពួកគាត់ អាចយកទៅចែករំលែក ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងអស់គ្នា» ។

ដោយឡែក លោក អ៊ឹង សមប្រាថ្នា ជាអ្នកស្ម័គ្រចិត្តម្នាក់ទៀត ពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិយាយថា «ខ្ញុំពិតជាអរគុណក្រុមហ៊ុន ដែលបានផ្តល់ឱកាស ឲ្យខ្ញុំចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំមានសារមួយចង់ផ្ញើរ គឺខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរ បានដឹងច្បាប់ចរាចរណ៍ និងអនុវត្តឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារជីវិតគាត់ និងជីវិតអ្នកដ៏ទៃ» ។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងបន្តបង្ហាញយ៉ាងច្បាស់ នូវនៃការប្តេជ្ញាចិត្តយូរអង្វែង របស់ក្រុមហ៊ុន ក្នុងការបម្រើប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីដែលមានសារៈសំខាន់ និងមានប្រយោជន៍៕