(រតនគិរី)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ សប្បុរសជនខ្មែរមួយក្រុមរស់នៅ សហរដ្ឋអាមេរិក បាននាំសម្ភារសិក្សា និងថវិកាមួយចំនួនចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាសោមត្រក់ចាស់ ដើម្បីសម្រួលការដល់លំបាករបស់អាណាព្យាបាល សិស្សានុសិស្ស ស្ថិតនៅសាលាបឋមសិក្សាសោមត្រក់ចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ 

លោក ឆិល សៅរិទ្ធ នាយកសាលាបឋមសិក្សាសោមត្រក់ចាស់ បានថ្លែងថា សាលាមានបន្ទប់រៀនចំនួន៥ និងមានសិស្សកំពុងសិក្សាមាន ចំនួន១១២នាក់ (ស្រី៥១នាក់) ចាប់ពីថ្នាក់ទី១ រហូតថ្នាក់ទី៦ (មាន២វេនរៀនព្រឹក និងល្ងាច)​ ហើយសាលារៀននេះជាតំបន់ដាច់ស្រយាល គ្រូបង្រៀនតែងតែជួបនូវការខ្វះខាតរបស់របរប្រើប្រាស់ សម្រាប់បង្រៀន។ តួយ៉ាងប្រជាពលរដ្ឋនៅតំបន់នេះពួគាត់មានជីវភាពក្រីក្រ ហើយគ្រួសារខ្លះសឹង​តែពុំមានលទ្ធភាពបញ្ជូនកូនមកសាលារៀនទៀតផង។

លោក ឆិល សៅរិទ្ធ អ្នកមកពីស្រុកបាទីខេត្តតាកែវរូបនោះបន្តថាគាត់មកបង្រៀនទីនេះ៦ឆ្នាំកន្លងមកហើយ ទីនេះជួបការលំបាកច្រើនគ្រូបង្រៀន មានតែ៣នាក់ ចែកវេនគ្នាបង្រៀន ប៉ុន្តែមិនជាបញ្ហាប៉ុន្មានទេសម្រាប់ពួកគាត់នោះ គឺបញ្ហាប្រឈមខ្លាំងជាងគេបង្រៀនសិស្សថ្នាក់ទី១ដល់ថ្នាក់ទី២ ព្រោះក្មួយៗ ជនជាតិចារ៉ាយមិនចេះខ្មែរ រីឯថ្នាក់ទីថ្នាក់ទី៥ដល់ទី៦ វិញងាយស្រួលបន្តិចនិយាយខ្មែរស្តាប់គ្នាបាន។

លោកស្រី អេង សុខមុំ តំណាងសប្បុរសជនសហរដ្ឋអាមេរិក ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា នេះជាលើកទី១ ហើយដែលក្រុមការងារ ចុះមកខេត្តរតនគិរី ចាប់ផ្តើមចុះមកជួបផ្ទាល់ជាមួយក្មួយៗ ជនជាតិដើមនៅទីនេះបើទោះបីជាអំណោយទាំងនោះតិចតួចក្តីក៏ប៉ុន្តែនេះជាសន្តានចិត្ត រវាងខ្មែរ និងខ្មែរជនទោះបីពួកគេជាជនជាតិដើមភាគតិចក៏ដោយ ដែលចេះរួមសុខទុក្ខជាមួយគ្នាជាយូរលង់ណាស់មកហើយ។

លោកស្រី អេង សុខមុំ បានបន្តថា សម្ភារៈសិក្សានាំមកចែកជូននាពេលនេះរួមមាន៖ ប៊ិច, សៀវភៅ, ខ្មៅដៃ, ជ័រលុប, បន្ទាត់, ថ្នាំដុះធ្មេញជាដើម និងថវិកាម្នាក់ៗ ៥០០០រៀល រីឯលោកគ្រូ៣នាក់ ក្នុងម្នាក់១០,០០០រៀលផងដែរ។

លោកស្រី អេង ស្រីមុំ បញ្ជាក់ទៀតថា ថវិកាទិញអំណោយខាងលើនេះបានមកពីការចូលរួមវិភាគទានពីបងប្អូននៅសហរដ្ឋអារិក ដែលជាមិត្តភក្តិលោកស្រីហើយពេលបន្ទាប់ទៀតក្រុមការងារនឹងបន្តចុះនាំអំណោយចែកជូនកន្លែងផ្សេងទៀត។

លោក ឆិល សៅរិទ្ធ សូមសម្តែងអំណរគុណក្រុមការងារមកពីសហរដ្ឋអាមេរិក ដែលស្កាត់មកទីនេះ(តំបន់ជនជតិចារ៉ាយ)ឲ្យដឹងពីទំនៀមទំលាប់, ការរស់នៅពួកគាត់, ការរៀនសូត្រជាដើម, ក្នុងទឹកមុខសប្បាយរីករាយលោកស្រី អេង ស្រីមុំ ពោលថាប្រទេសកម្ពុជាសព្វថ្ងៃនេះតាំងពីទីក្រុងរហូត ដល់ជនបទមានការរីកចម្រើនជាក់ស្តែងតំបន់នេះមានសាលារៀន, មន្ទីរពេទ្យ, ភ្លើងអគ្គិសនីជាដើមមិនដូចព័ត៌មាន អកុសលថាប្រទេសកម្ពុជា អសន្តិសុខគ្មានការអភិវឌ្ឍន៍ធ្វើឲ្យបងប្អូនយើងនៅឯនាយសមុទ្រជឿតាមហើយសន្យាថានាំព័ត៌មាននេះត្រឡប់ទៅវិញ៕