(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានថ្លែងថា ប្រព័ន្ធ FMIS កំពុងក្លាយជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រ ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅធានាដល់ការរៀបចំ និង អនុវត្តថវិកាជាតិ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាពទាំងផ្នែកចំណូល និង ចំណាយ តាមរយៈប្រព័ន្ធទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកាប្រកបដោយភាពសមាហរណកម្ម និងសង្គតិភាព។

លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះ ក្នុងពេលអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និង ការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះធ្វើឡើង ដើម្បីជួយក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្តបោះជំហាននៅលើផ្លូវដ៏វែងឆ្ងាយ និងធានាសម្រេចឲ្យបានជោគជ័យនូវការអនុវត្តគម្រោង FMIS ជំហានទី២។ សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ៖

១៖ ការស្តាប់វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា របស់រតនាគាររាជធានី-ខេត្ត ដែលបានខិតខំពុះពារ និង ជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬ ក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយប្រព័ន្ធកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន បានជោគជ័យ និងទទួលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូច-ជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល ព្រមទាំងទិសដៅបន្តក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS កាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។
២៖ ការបញ្រ្ជាបព័ត៌មានអំពីប្រព័ន្ធ FMIS និង ការចែករំលែកនូវបទពិសោធន៍របស់រតនាគាររាជធានី-ខេត្ត ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានជ្រាបច្បាស់អំពីផែនការ ដើម្បីត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយក្រុមការងារ នាពេលអនាគតដ៏ខ្លីខាងមុខ។
៣៖ ការបំផុសឱ្យមានការពិភាក្សាស៊ីជម្រៅលើមុខងារ ភារកិច្ច និង ការទទួលខុសត្រូវ ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងត្រូវអនុវត្តនៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ជាពិសេសការបន្ស៊ីមុខងារគ្នារវាងរតនាគារ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និង សំណូមពរនានា ដើម្បីជាធាតុចូលចាំបាច់សម្រាប់ក្រុមការងារ យកមកគិតគូរ និង វិភាគឱ្យកាន់តែច្បាស់លាស់ ក្នុងការត្រៀមរៀបចំសកម្មភាព, ក្រុមអនុវត្តតាមផ្នែកនីមួយៗ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឱ្យបានសមស្រប។

បណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់នេះ ជាឱកាសនៃការជួបជុំពិភាក្សាគ្នាលើកដំបូងរវាងក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាមួយក្រុមការងារនៃរតនាគាររាជធានី ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ហើយនឹងមានឱកាសជួបពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានារួមគ្នា ជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមសម្របសម្រួលគាំទ្រសម្រេចបានលទ្ធផលតាមផែនការដូចបានគ្រោងទុក និងទិសដៅការងារ ដូចបានចងក្រងក្នុងឯកសារ «ផែនការយុទ្ធសាស្ត្រពង្រីកប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០» ដែលលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុម័តកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ កន្លងទៅ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការបន្តអនុវត្តជំហានទី២ នៅឆ្នាំ២០១៨ ខាងមុខ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ ក៏នឹងត្រូវឆ្លងកាត់ដូចគ្នានូវការផ្លាស់ប្តូរ ដែលពុំអាចចៀសបាន ប៉ុន្តែអ្វីដែលជាភ័ព្វសំណាងរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះ គឺក្រសួងមានរតនាគាររាជធានី-ខេត្តទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នាកសាងរួចជាស្រេចនូវប្រព័ន្ធមួយដែលអាចបម្រើបានតាមសំណូមពរ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តថវិកាជាតិមួយជំហានហើយ។ ដូច្នេះមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំចាំបាច់ចាប់ផ្ដើមឡើងពីបាតដៃទទេឡើយ ព្រោះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានឱកាសក្នុងការឃើញ និងប្រើប្រាស់ប្រព័ន្ធដោយផ្ទាល់ និង រៀនសូត្រ ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗផ្ទាល់ពីបណ្ដារតនាគាររាជធានី-ខេត្ត។

លោកបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមទៀតថា វឌ្ឍនភាពទាំងអស់នេះ ជាកត្តាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យដ៏ពិតប្រាកដ នៅឆ្នាំ ២០២៥ គឺ «ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និង វិម្ឈការស្របតាមស្តង់ដារអន្តរជាតិ និង ឧត្តមានុវត្តន៍អន្តរជាតិ»។ ទន្ទឹមនេះ ប្រព័ន្ធ FMIS គឺកំពុងក្លាយជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រ ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅធានាដល់ការរៀបចំ និង អនុវត្តថវិកាជាតិ ប្រកបដោយ តម្លាភាព, ប្រសិទ្ធភាព និង គណនេយ្យភាព ទាំងផ្នែកចំណូល និង ចំណាយ តាមរយៈប្រព័ន្ធទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិកាប្រកបដោយភាពសមាហរណកម្ម និងសង្គតិភាព។

លោករដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីបង្គោល គ្រូបង្គោល និង មន្ត្រីបច្ចេកទេសរបស់រតនាគាររាជធានី-ខេត្តទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តប្រព័ន្ធ FMIS ប្រកបដោយបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបាននិងកំពុងពង្រឹងភាពជាម្ចាស់យ៉ាងពិតប្រាកដលើប្រព័ន្ធ FMIS ក្នុងរយៈពេលជិត ២ ឆ្នាំ មកនេះ។

ទន្ទឹមនេះ លោកសង្ឃឹមថា សិក្ខាសាលាពិគ្រោះយោបល់នេះនឹងទទួលបានលទ្ធផលផ្លែផ្កា ដូចការគ្រោងទុក និង ជាពិសេសប្រមូលបាននូវធាតុចូលសំខាន់ៗ និង មានសារៈប្រយោជន៍ សម្រាប់ត្រៀមពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់។

ក្នុងន័យនេះ លោកបានលើកទឹកចិត្តដល់លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត មេត្តាចូលរួមឱ្យបានសកម្មនៅក្នុងកិច្ចពិភាក្សានៃអង្គសិក្ខាសាលា ផ្ដល់ធាតុចូលសំខាន់ៗ ជាគន្លឹះជាក់ស្ដែង ចែករំលែកចំណេះដឹង និង ការបារម្ភអំពីបញ្ហាប្រឈម ឬសំណូមពរ ដើម្បីទាញយកផលប្រយោជន៍ពីប្រព័ន្ធ FMIS ជាអតិបរមាក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ក៏ដូចជារួមចំណែកផ្ទាល់ក្នុងការងារកែ-ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យសម្រេចបានជោគជ័យតាមគោលដៅ៕