(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់២០១៧បានចប់ ក៏ជាពេលវេលាដែល យើងអាចប្រមើលមើលលទ្ធផលបោះឆ្នោតឆ្នាំ ២០១៨។ គណបក្សនីមួយៗ សុទ្ធតែអួតថា ឈ្នះរៀងៗខ្លួន ប៉ុន្តែប្រសិនបើយើងពិនិត្យមើលស្ថានភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជានៅតែមានប្រៀបខ្លាំងច្រើនជាងបក្សសង្គ្រោះជាតិ ដដែល។ បក្សប្រឆាំងកំពុងបាត់បង់មូលដ្ឋានគ្រឹះសំខាន់ៗជាច្រើន គួរឲ្យកត់សម្គាល់ប្រៀបធៀបទៅការបោះឆ្នោតឆ្នាំ ២០១៣៖

ទី១៖ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម និងច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលប្រឆាំង ឬដែលមានបំណងជួយបក្សប្រឆាំង អាចធ្វើអ្វីបានស្រេចតែចិត្តដូចពីមុនទៀតទេ។ កាលពីមុនជាពិសេសក្នុងការបោះឆ្នោតឆ្នាំ ២០១៣កន្លងទៅ បក្សប្រឆាំងបានទទួលផលចំណេញច្រើនដោយសារ តែការជួយជ្រោមជ្រែងពីសង្គមស៊ីវិលលម្អៀងដែលជួយស្រែកការពារ ជួយស្រែករិះគន់ វាយប្រហាររដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែសករាជនោះត្រូវបាន បិទបញ្ចប់ហើយក្រោមទម្ងន់ច្បាប់។

ទី២៖ សហរដ្ឋអាមេរិកដែលជាទីពឹងដ៏រឹងមាំរបស់បក្សប្រឆាំងនៅកម្ពុជា តាំងពីយូរមកហើយនោះក៏ត្រូវបិទបញ្ចប់ដែរក្នុងសម័យលោក ដូណាល់ ត្រាំ ដោយសារនយោបាយគិតផលប្រយោជន៍អាមេរិកាំងមុនរឿងផ្សេង (American First) ។

ទី៣៖ ការយល់ច្រឡំរបស់ពលរដ្ឋខ្មែរអំពីការជំពាក់ប្រាក់មីក្រូហិរញ្ញវត្ថុថាជាការជំពាក់បំណុលរដ្ឋ ដែលបក្សប្រឆាំងតែងឆ្លៀតកេងចំណេញនយោបាយ ជារៀងរហូតមកនោះក៏ត្រូវបានបិទបញ្ចប់ផងដែរតាមរយៈយុទ្ធនាការរបស់លោក ហ៊ុន សែន។

ទី៤៖ គោលនយោបាយដែលគណបក្សសង្គ្រោះជាតិធ្លាប់បានសន្យាកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដូចជាការដំឡើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀនឲ្យបាន១ លានរៀល និងប្រាក់ខែកម្មករឲ្យបាន១៥០ដុល្លារក្នុងមួយខែនោះវាហួសសម័យអស់ទៅហើយ ដោយសារតែរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលើសពីការទាមទាររបស់បក្សប្រឆាំងទៅទៀត។

ទី៥៖ កាលពីមុនបក្សប្រឆាំងមានប្រៀបខ្លាំងលើបណ្តាញសង្គម Facebook ប៉ុន្តែឥឡូវនេះក៏បានបាត់បង់ទីតាំងឈរជើងលើបណ្តាញសង្គមហើយ ក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវ៉ាដាច់លោក សម រង្ស៊ី និងមានអ្នកចូលចិត្តរហូតដល់ជាង ៨លាននាក់។ ម្យ៉ាងទៀតសកម្មភាពអ្នកគាំទ្របក្សប្រជាជន នៅលើបណ្តាញសង្គម Facebook ក៏កាន់តែផុលផុសខ្លាំងឡើងជាលំដាប់នៅទូទាំងប្រទេស។

ទី៦៖ អ្វីដែលបក្សប្រឆាំងធ្លាប់បានធ្វើនយោបាយប្រជាភិថុតអំពី បញ្ហាយួននិងបញ្ហាព្រំដែន ក៏បក្សនេះមិនអាចប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ ដូចពីមុនបានទៀតដែរ។ មូលហេតុងាយយល់ណាស់គឺដោយសារតែពេលនេះ បក្សសង្គ្រោះជាតិជាអ្នកទទួលខុសត្រូវខ្លួនឯងវិញម្តង ជាពិសេសឃុំសង្កាត់ ដែលសម្បូរយួនគឺបក្សសង្គ្រោះជាតិឈ្នះមេឃុំ ចៅសង្កាត់។ ដូច្នេះបក្សនេះមិនហ៊ានចោទខ្លួនឯងទេ។ ចំណែករឿងព្រំដែនវិញ រដ្ឋាភិបាលបានបើកចំហររឿងផែនទី និងបានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមជិតចប់ទៅហើយ។

ទី៧៖ ចំណែកការសន្យាមុនបោះឆ្នោតក៏បក្សសង្គ្រោះជាតិមិនដែលធ្វើបានដែលធ្វើឲ្យមហាជនបាត់បង់ជំនឿ។ ជាក់ស្តែងការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដែលធ្វើឲ្យសង្គ្រោះជាតិ ខកចិត្តយ៉ាងខ្លាំងនោះគឺជាលទ្ធផលនៃការសន្យាខ្យល់នេះឯង។

ទី៨៖ ការបែកបាក់កំលាំងអ្នកនយោបាយនិង ជាពិសេសសកម្មជនលេចធ្លោដែលធ្លាប់ដឹកនាំប្រមូលកំលាំងយុវជនចូលរួម ឃោសនានិងបោះឆ្នោតគាំទ្របក្សប្រឆាំង នៅឆ្នាំ ២០១៣ក៍បានចាកចេញពីបក្សប្រឆាំងធ្វើនយោបាយរៀងៗខ្លួនផង និងវាយប្រហារយ៉ាងចាស់ដៃលើបក្សប្រឆាំងផងដែរ ដែលស្ថានភាពនេះធ្វេីអោយសំលេងគាំទ្របក្សប្រឆាំងត្រូវបែកលែងប្រមូលផ្តំដូចឆ្នាំ២០១៣ទៀតឡើយ។

ទី៩៖ កាលពីមុនបក្សសង្គ្រោះជាតិមានក្បាលពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលធ្វើឲ្យកូនចៅថ្នាក់ក្រោមកក់ក្តៅនិងរួមគ្នាបាន។ ប៉ុន្តែពេលនេះ សង្គ្រោះជាតិមានក្បាលតែមួយគឺលោក កឹម សុខា ខណៈដែលលោក សម រង្ស៊ី បានបញ្ចប់អាជីពនយោបាយទាំងស្រុងទៅហើយ តាមរយៈនយោបាយអត្តឃាតរបស់គាត់ និងតាមរយៈវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី។ បក្សនេះមិនអាចមានក្បាលមួយបានទេ ព្រោះសូមកុំភ្លេចថា មូលដ្ឋានគ្រឹះរបស់សង្គ្រោះជាតិគឺការរួមបញ្ចូលគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ហើយលោក កឹម សុខា គឺជាមនុស្សប្រៀបបានដៃឆ្វេងតែប៉ុណ្ណោះ។ ក្រុមអតីតគណបក្ស សម រង្ស៊ី នឹងមិនព្រមឲ្យគណបក្សនេះធ្លាក់ក្នុងដៃលោក កឹម សុខា ដែលគេសង្ស័យថា ជាកូនអុករបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ។

ទី១០៖ វិបត្តិហិរញ្ញវត្ថុដែលកាន់តែធ្ងន់ធ្ងរទៅៗរបស់បក្សប្រឆាំងសំរាប់ការបោះឆ្នោត ក៍ជាជំងឺមួយពិបាករកពេទ្យព្យាបាលណាស់។ ជាក់ស្តែងច្បាប់បោះឆ្នោត ច្បាប់សមាគម និងច្បាប់គណបក្សនយោបាយគួបផ្សំនឹងកត្តាអន្តរជាតិមិនអនុគ្រោះ បក្សប្រឆាំងបង្ខំចិត្តតម្រូវអោយបេក្ខជនក្រុមប្រឹក្សា ឃុំសង្កាត់បង់លុយជួយ បក្សហើយ ច្បាស់ជាងនេះទៅទៀតនោះគឺតម្រូវឲ្យលោក កឹម សុខា ប្រកាសធ្វើបុណ្យផ្កាប្រមូលថវិកាឃោសនាបោះឆ្នោតឆ្នាំ២០១៧។ ដូច្នេះសំរាប់ការបោះឆ្នោត ២០១៨ ក៏បក្សនេះគ្មានជំរើសអ្វីផ្សេងទៀតដែរ ។

សរុបមកវិញ ចំណុចសំខាន់ៗទាំង១០ដូចបានរៀបរាប់ខាងដើមគឺជាភស្តុតាងសត្យានុម័តដែលបង្ហាញថា មូលដ្ឋានគ្រឹះទាំងឡាយរបស់បក្សសង្គ្រោះជាតិ បានបាក់រលំដែលធ្វើឲ្យគណបក្សនេះអស់ទីពឹង បាត់ខ្នងបង្អែក ដែលធ្លាប់ទីពឹងនោះដំណាលគ្នាតែម្តង។ ដូច្នេះពីនេះទៅការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងដូចជាបាត់បង់ថាមពលយ៉ាងសម្បើមដែលមិនអាចស្តារបាន ខណៈដែលបក្សកាន់អំណាចកំពុងកែទម្រង់ទៅមុខគួរឲ្យកត់សម្គាល់។

បើយ៉ាងនេះមែន គណបក្សប្រជាជនដឹកនាំដោយលោកហ៊ុន សែននឹងនៅតែឈ្នះតែដដែលនៅឆ្នាំ ២០១៨ ហើយអាចមានលទ្ធភាពកេីនចំនួនកៅអីសភា ថែមខ្លះទៀតផង នេះបើសិក្សាលើលទ្ធផលបោះឆ្នោត២០១៧នេះ រីឯបក្សប្រឆាំងវិញ ក៏មិនប្រាកដថា អាចការពារខ្សែក្រវ៉ាត់ដែលខ្លួនទទួលបាន នៅឆ្នាំ២០១៣នោះដែរ កុំថាឡើយការនិយាយ ឬគិតដល់ការឈ្នះការបោះឆ្នោតឆ្នាំ ២០១៨នោះ៕

ដោយ៖ សាស្ត្រចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ