Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី វង ​សូត៖ ការអនុវត្ត «ច្បាប់យុត្តិធម៌អនីតិជនកុមារ» នឹងកាន់តែល្អប្រសើរជាងមុន ហើយច្បាប់នេះ នឹងធ្វើឲ្យចំនួនកុមារជាប់ឃុំថយចុះ

12-07-2017 13:00

(ភ្នំពេញ)៖ លោក​ វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបជួបពិភាក្សាការងារ ជាមួយលោកស្រី Debora Comini តំណាងអង្គការ Unicef ប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបសំណេះសំណាលនេះ រដ្ឋមន្រ្តី វង ​សូត និង លោកស្រី Debora Comini បានពិភាក្សាគ្នា ដោយផ្តោតសំខាន់លើការពង្រឹងការងារជុំវិញការអនុវត្តច្បាប់ យុត្តិធម៌អនីតិជនកុមារ, ការទប់ស្កាត់អំពើហិង្សាលើកុមារនៅ កម្ពុជា និងការងារមួយចំនួនទៀត។

លោក វង​សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងថា បច្ចុប្បន្ន នេះក្រុមការងារក្រសួងដែលធ្វើការពាក់ព័ន្ធនឹងច្បាប់ យុត្តិធម៌អនីតិជនកុមារ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យច្បាប់មួយនេះ អនុវត្តឲ្យកាន់តែល្អប្រសើរជាងមុន និងជំរុញធ្វើយ៉ាងណាឲ្យចំនួនកុមារជាប់ឃុំក្នុងពន្ធនាគារមានការថយចុះ។

លោករដ្ឋមន្រ្តីបន្តថា ច្បាប់យុត្តិធម៌អនីតិជនកុមារ បានបង្កើតឡើងគឺមានវិសាលភាពធំទូលាយ ក្នុងការជួយ ទៅដល់ កុមាររងគ្រោះនៅកម្ពុជា ហើយទន្ទឹមនឹងនោះ ច្បាប់មួយនេះ ក៏ត្រូវការឲ្យមានការចូលរួម ពីដៃគូពាក់ព័ន្ធជាច្រើនទៀត ជាពិសេស គឺមានតម្រូវការបុគ្គលក្រសួងច្រើននាក់បន្ថែមទៀត ដើម្បីពង្រឹងលើការអនុវត្តច្បាប់នេះ។

ជាការឆ្លើយតប លោកស្រី Debora Comini តំណាងអង្គការ Unicef ប្រចាំនៅកម្ពុជា បានសម្តែងការអរគុណ ដល់ រដ្ឋមន្រ្តី វង សូត ដែលជានិច្ចកាលបានចូលរួមចំណែកជាច្រើនក្នុងការជំរុញការងារជាច្រើនជាមួយ អង្គការ Unicef កន្លងមក ឲ្យដំណើរការកាន់តែល្អប្រសើរជាងមុន។

ក្រោយជួបសំណេះសំណាល លោកស្រី Debora Comini បានអះអាងថា អង្គការ Unicef នឹងនៅតែបន្តកិច្ច សហប្រតិបត្តិការ ល្អបន្ថែមទៀតជាមួយ លោក រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ចតទៅមុខទៀត។

កន្លងមក លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានជំរុញការអនុវត្តច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ដែលបានដាក់ ចេញឲ្យប្រើប្រាស់ កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ រួមទាំងគោលនយោបាយចំពោះជនពិការ ក្រីក្រ តាមសហគមន៍ និងការបង្កើតសមាគមមនុស្សចាស់ជាដើម៕