(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសទទួលស្គាល់ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលទើបធ្វើវិសោធនកម្មថាស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្ដីសម្រេចដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះ។

សូមជម្រាបថា ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានស្នើសុំធ្វើវិសោធនកម្ម ហើយបានអនុម័តនៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រោមសំឡេងគាំទ្រ ៩៧ លើ១០៨។ ការស្នើធ្វើវិសោធនកម្មលើច្បាប់នេះត្រូវបានព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ឯកភាពទាំង ស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៣ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

វិសោធកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ត្រូវបានរៀបចំឡើង ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលនឹងធ្វើឲ្យសមាជិកព្រឹទ្ធសភាកើនឡើងដល់ចំនួន ៦២រូប។ ការធ្វើវិសោធនកម្មនេះ ក៏មានការកែប្រែប្រការមួយចំនួនទៀត ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនា និង អង្គបោះឆ្នោតជាដើម។

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា សេចក្ដីសម្រេចនេះ ត្រូវបានសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕