(ភ្នំពេញ)៖ ប្រមុខការពារជាតិកម្ពុជា-វៀតណាម នឹងចុះហត្ថលេខាបង្កើតស្ថាប័នជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្ដរាយនៅតាមបន្ទាត់ព្រំដែនគោកប្រទេសទាំងពីរ នាសប្តាហ៍ក្រោយនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស មកកាន់ប្រទេសកម្ពុជា។​

ឧត្តមសេនីយ៍ឯក ខៀវ ឆេង អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបជាមួយលោក ជឿង ឌឹគងៀ ស្នងការជួយសង្គ្រោះគ្រោះមហន្ដរាយវៀតណាម នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ថា នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) នឹងដឹកនាំគណៈប្រតិភូមកធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន​ ៣ថ្ងៃ គឺចាប់​ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧​នាសប្តាហ៍ក្រោយនេះ។

បើតាមឧត្តមសេនីយ៍ឯក ខៀវ ឆេង បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស នឹងពិភាក្សាការងារជាច្រើន ដើម្បីពង្រឹងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ឧត្តមសេនីយ៍​ឯក ខៀវ ឆេង ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិវៀតណាមនេះ ក៏នឹងមានការចុះហត្ថលេខាបង្កើតស្ថាប័នជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយតាមបន្ទាប់ព្រំដែនប្រទេសទាំងពីរផងដែរ។

បើតាមលោកឧត្តមសេនីយ៍ឯករូបនេះ បានឲ្យដឹងថា ភាគីវៀតណាមបានត្រៀមខ្លួនជានិច្ច ចំពោះការជួយដល់ក្រសួងការពារជាតិកម្ពុជា ក្នុងការជួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាគ្រោះធម្មជាតិផ្សេងៗនោះ។​

ពាក់ព័ន្ធលើសកម្មភាពសង្គ្រោះគ្រោះមហន្ដរាយនេះ លោក ខៀវ ឆេង បានឲ្យដឹងដែរថា កន្លងមកកងយោធពលខេមរភូមិន្ទ បានដើរតួយ៉ាងសំខាន់នៅក្នុងការសង្គ្រោះគ្រោះមហន្ដរាយ ដែលកើតឡើងជាយថាហេតុ នៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា កម្ពុជាតែងតែចាត់បញ្ជូននាយទាហានតាមស្ថាប័នជំនាញមួយចំនួន ដើម្បីហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្ដរាយ នៅតាមប្រទេសមួយចំនួនទាំងក្នុង និងក្រៅតំបន់៕