(ភ្នំពេញ)៖ បញ្ជាការដ្ឋានអង្គរក្ស បានចេញលិខិតមួយ ដោយស្នើឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចាត់វិធានការជា បន្ទាន់លោក យូ ណារិន ដែលអះអាងខ្លួនឯងថា ជាឧត្តមសេនីយ៍ទោ និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សហើយធ្វើសកម្មភាព ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសអង្គរក្ស និងសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស ចុះថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០១៧ ដែលផ្ញើទៅកាន់ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានឲ្យដឹងថា «លោក យូ ណារិន ពុំមានឈ្មោះនៅក្នុងក្របខណ្ឌ និងមិនមែនជាឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការអង្គរក្សនោះទេ»

សូមបញ្ជាក់ថា បើតាមលិខិតរបស់ លោក ហូ សិទ្ធី ផ្ញើទៅនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ខុទ្ទកាល័យសម្តេចតេជោ បានទទួលលិខិតពីអតីតកងទ័ពជាតិ(ខ៣)ដែលស្នើ ឱ្យអន្តរាគមន៍ ចំពោះករណីឈ្មោះ យូ ណារិន គណបក្សប្រឆាំង បច្ចុប្បន្នកំពុងដើរតួជាឧត្តមសេនីយ៍ទោ បញ្ជាការរងកងឯកភាពអង្គរក្ស របស់សម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើសកម្មភាពប្រមូលប្រជាជន អណាធិបតេយ្យ ទៅសង់ខ្ទមរំលោភបំពាន ដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃ៕