(ភ្នំពេញ)៖ អង្គការ AMRO បានស្នើឲ្យចាត់វិធានការ ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការកើនឡើងនៃថ្លៃពលកម្ម ប្រសិនបើកម្ពុជាចង់រក្សា សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្លាំង ជាមួយនឹងអតិផរណាមធ្យម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)។ 

យោងតាមរបាយការណ៍របស់អង្គការ AMRO ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្ហាញផ្នែកផ្សេងៗ ដែលត្រូវកែលម្អ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់អវិជ្ជមាន នៃថ្លៃពលកម្មប្រសិនបើកម្ពុជា ចង់រក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ហើយឧស្សាហកម្មដែលទទួលរងប៉ះពាល់ធ្ងន់ធ្ងរ ពីការកើនឡើងថ្លៃពលកម្ម រួមមានឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដោយសារឧស្សាហកម្មទាំងនេះ ជាឧស្សាហកម្មប្រើពលកម្មខ្លាំង ហើយប្រាក់ឈ្នួលអប្បបរមា ត្រូវបានកំណត់ដោយច្បាប់។

របាយការណ៍របស់ AMRO បាននិយាយថា ៖«ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការកើនឡើងថ្លៃពលកម្ម កិច្ចខិតខំប្រឹងប្រែងបន្ថែម ត្រូវការឲ្យមាននៅក្នុងផ្នែកមួយចំនួន ដូចជាការកែលម្អគុណភាពការងារ ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយការចំណាយ ពស្តុភារនិងអគ្គិសនី»

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា យល់ស្របជាមួយនឹងរបាយការណ៍នេះ ដោយលើកឡើងថា បញ្ហាទាំងនោះគឺជាបញ្ហាដែលត្រូវបាន ដឹងប៉ុន្មានឆ្នាំរួចមកហើយ ហើយរដ្ឋាភិបាល និងវិស័យឯកជនបាន និងកំពុងធ្វើការងារលើបញ្ហាទាំងនោះ។

លោក កាំង ម៉ូនីកា បានថ្លែងថា ៖«ពលកម្មគឺជាបេះដូងនៃឧស្សាហកម្មទាំងនេះ។ ខណៈប្រាក់ខែអប្បបរមាមានចំនួន១៥៣ដុល្លារ និងប្រាក់ឧបត្ថម្ភដែលតម្រូវ ដោយច្បាប់ចំនួន១៧ដុល្លារទៀត ដូច្នេះប្រាក់ខែអប្បបរមាសម្រាប់ការធ្វើការងារ៨ម៉ោងធម្មតាគឺ១៧០ដុល្លាររួចទៅហើយ។ ដោយបូកជាមួយនឹងប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត និងការងារថែមម៉ោង កម្មករទទួលបានប្រាក់ ខែប្រមាណ២០០ដុល្លារឬច្រើនជាងនេះ»