(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយក​បច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិ​បាល​ បានថ្លែងជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ ខិតខំធ្វើការកែលំអរ​ នូវចំនុចខ្វះខាតខ្លះៗដែលមាន​ ដើម្បីរួមចំណែក​ពង្រឹងសេវាសុខាភិបាល ឲ្យកាន់តែឈានទៅរកគុណភាព និងជួយពិនិត្យព្យាបាល អ្នកជំងឺឲ្យកាន់តែប្រសើរជាងមុនបន្ថែមទៀត ។

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបែបនេះ ក្នុងឱកាស បើកសិក្ខាសាលា បណ្តុះបណ្តាល ស្តីពី សុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន ជូនដល់គិលានុបដ្ឋាក-យិកាវគ្គទី ១ ម៉ូឌុល ១​ ដែលមាន​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ​ នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម​ ដែលមានសិក្ខាកាមចូលរួម ​មកពីខេត្តចំនួន៤​ គឺ​ខេត្ត កំពង់ចាម៣៦នាក់​ ខេត្តក្រចេះ៦នាក់​ ខេត្តព្រៃវែង៤នាក់ និងខេត្តមណ្ឌលគីរី ២នាក់​ ព្រមទាំងគ្រូសំរបសំរួល និងគ្រូឧទ្ទេសនាមមកពីថ្នាក់ជាតិផងដែរ។
បណ្តុះបណ្តាលបន្ថែម ដល់គ្រូពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:​ លើការងារផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺផ្លូវចិត្ត និងញៀនគ្រឿងញៀន។

​លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានលើកឡើងថា​ ​« ដើម្បី​ពង្រឹងសេវាសុខភាព បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ យើងត្រូវបណ្តុះបណ្តាលថ្មី ស្តីពីសុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន ដល់បុគ្គលិកសុខាភិបាល ជាការចាំបាច់​ និងមិនអាចខ្វះបាន​ ដើម្បីពង្រីកសេវាពិនិត្យ​ និងព្យា​បាល​ នៅតាមមូលដ្ឋានសុខភាពសាធារណៈ​ នៅតាមបណ្តាខេត្តទូទាំងប្រទេស​ ដើម្បីផ្តល់ចំណេះដឹង និងជំនាញថ្មី ដល់បុគ្គលិកសុខាភិបាល ស្តីពីបញ្ហាសុខភាពផ្លូវចិត្ត និងការញៀនគ្រឿងញៀន ក្នុងការពង្រីកសេវាព្យាបាល ថែទាំអ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខភាព​សា​ធារណៈ»។

លោកស្រីវេជ្ជបណ្ឌិត​ ក៏បានលើកឡើងផងដែរថា​ ការងារសុខភាពផ្លូវចិត្ត និងគ្រឿងញៀន គឺជាអាទិភាពថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើកទី១​ ដំណាក់កាលទី១នេះ​ ជាពិសេសក្រសួងសុខា​ ភិបាល បានចូលរួមចំណែកអនុវត្តន៌យ៉ាងសកម្មលើការងារនេះ​ផងដែរ។​ ដូច្នេះ​ ការ​បណ្តុះ​បណ្តាល​ ពង្រឹងសមត្ថភាពមន្ត្រី​ ជាការចាំបាច់ ដើម្បីឈានទៅរកការអភិវឌ្ឍសេវាឱ្យបានទូលំទូលាយ និងផ្តល់សេវាប្រកបដោយគុណភាព។  

លោកស្រីវេជ្ជបណ្ឌិត​ បានថ្លែងទៀតថា​ បច្ចុប្បន្នការងារព្យាបាល ថែទាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀនត្រូវបានទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ហើយក្រសួងសុខាភិបាល ជាពិសេស លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេងបានជំរុញ ឲ្យធ្វើការពង្រីកសេវាព្យាបាលនេះ ឲ្យបានទូលំទូលាយ នៅលើផ្ទៃប្រទេស ដើម្បីគាំទ្រ លើការអនុវត្តការងារ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាលផងដែរ ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការ របស់រាជរដ្ឋាភិបាល និងតម្រូវការដ៏ធំធេងនេះ ក្រសួងសុខាភិបាល នឹងបន្តគាំទ្រ ឲ្យមានការបណ្តុះបណ្តាលថែមទៀត ជូនដល់មន្ត្រីថ្មីៗ​ ឲ្យពួកគាត់ ត្រឡប់ទៅជួយផ្តល់សេវាផ្នែកនេះ​ នៅតាមមូលដ្ឋានដែលពួកគាត់កំពុងបំពេញការងារ។

ក្នុងឆមាសទី១ ឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានពង្រីកសេវាព្យាបាលសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ចំនួន១១១ សេវាថែមទៀត (ក្នុងឆ្នាំ២០១៦ មាន ១៧៧ទីតាំង)។

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីឲ្យការព្យាបាល ប្រកបដោយគុណភាព និងទទួលបានការទទួលស្គាល់ ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុក​ដាក់ ក្នុងការផ្តល់សេវា ប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈព្យាបាល​អ្ន​ក​ជំងឺផ្លូវចិត្ត និងអ្នកមកទទួលសេវាបន្សាបគ្រឿងញៀន និងបានសុំឲ្យបញ្ចូលក្រមសីលធ៌មវិជ្ជាជីវៈពេទ្យ ទៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ ពាក្យថា «ពេទ្យ» វាបានបង្កប់នូវ សីលធម៌ និងសុជីវធម៌ រួចជាស្រេចហើយពិសេស «ពេទ្យ» ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ ក្នុងការប្រកបរបរវិជ្ជាជីវៈពេទ្យនេះ។​ ចំណែកឯការប្រាស្រ័យទំនាក់ទំនងរវាងគ្រូពេទ្យព្យាបាល និងអ្នកជំងឺ ត្រូវតែពង្រឹងឲ្យបាន ព្រោះនេះជាតម្លៃមួយរបស់វិជ្ជាជីវៈ និងជាចំនុចចាប់ផ្តើម ដើម្បីឈានទៅរកគុណភាព នៃការថែទាំ និងព្យាបាល ហើយក្រសួងសុខា​ភិបាល កំពុងតែយកចិត្តទុកដាក់ ធ្វើកំណែទម្រង់ តាមមណ្ឌល​សុខភាព នៅទូទាំងរាជធានី-ខេត្តក្នុងឆ្នាំ២០១៧នេះ៕