Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមប្រុងប្រយ័ត្នគ្រប់វិនាទី! បើករថយន្តបុកបង្កាន់ដៃស្ពាន ក្រឡាប់ស្លាប់អ្នកបើកបរ ខណៈអ្នករួមដំណើរ៤នាក់ របួសធ្ងន់ស្រាល

11-07-2017 22:10

(ភ្នំពេញ)៖ នៅម៉ោង៨៖០០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយខ្លួនឯង គឺបើករថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ខៀវលាយស ពាក់លេខភ្នំពេញ 3A-6961 បានបើកទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យក្រឡាប់រថយន្តគាបជាប់អ្នកបើកបរស្លាប់ ក្នុងរថយន្តគួរឲ្យអាសូរ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករដែលស្លាប់ នៅក្នុងរថយន្តនោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គឺស្លាប់នៅកន្លែងកើតហេតុតែម្តង។ ចំណែកអ្នករួមដំណើរ ជាមួយមានគ្នា៤នាក់៖ ទី១៖ ឈ្មោះ សុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូអូន ឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ទី២៖ ឈ្មោះ ឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ, ទី៣៖ ឈ្មោះ ស៉ឹម កំសាន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៤៖ ឈ្មោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុអ្នកបើកបររថយន្តបង្កហេតុ បានធ្វើដំណើរលើផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រថយន្តបានបើកលឿន ជ្រុលចង្កូត ឡើងខឿនផ្លូវ និងបុកបង្កាន់ស្ពានតែម្តង។ មន្ត្រីជំនាញផ្នែកចរាចរណ៍ បានសន្និដ្ឋានថា ករណីចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរ រថយន្តបើកបរលឿន ក្នុងពេលយប់។

ក្រោយកើតហេតុ រថយន្តប្រគល់ទៅឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ។ ដោយឡែកអ្នករបួស ត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រឺឯអ្នកស្លាប់ប្រគល់ ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕