(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «តើមាន​​បញ្ហាប្រឈមអ្វីខ្លះ ចំពោះ​ស្រូវសែនក្រអូប ដែលជិត​ប្រមូលផល​?» នៅលើ Facebook ផ្លូវការរបស់ខ្លួន ដោយបង្ហាញពីកិច្ចពិភាក្សាររបស់មន្ត្រីសហព័ន្ធស្រូវអង្ករ និងការប្រុងប្រៀបខ្លួនអន្តរាគមន៍ ខណៈរដូវប្រមូលផលស្រូវសែនក្រអូបកាន់ តែខិតជិតចូលមកដល់នោះ។  

សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា រដូវប្រមូលផលស្រូវក្រអូបជិតដល់ ពេលចាប់ផ្តើមសម្រាប់រដូវកាលថ្មីនេះ ដោយលក្ខខណ្ឌដាំដុះសម្រាប់ឆ្នាំនេះ មានលក្ខណៈអំណោយផលជាងឆ្នាំមុន ដែលមានភាពរាំងស្ងួតនៅដើមរដូវ។ នេះបើយោងតាមការអះអាងរបស់ លោក ហេង ផេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក ហេង ផេង ជាម្ចាស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ ថ្មគោលរ៉ាយ មានមូលដ្ឋាននៅស្រុកថ្មគោលខេត្តបាត់ដំបង បានប្រាប់ថា ស្រូវសែនក្រអូប នឹងចាប់ផ្តើមប្រមូលផលច្រើន ពីសប្តាហ៍ទី១ ខែសីហាដល់ចុងខែកញ្ញា។

លោកអះអាងថា ទិន្នផលស្រូវសែនក្រអូបក្នុងឆ្នាំនេះ ​នឹងមិនតិចជាងបរិមាណ​ក្នុងឆ្នាំមុននោះឡើយ ដោយសារភាពអំណោយផលពីធម្មជាតិ ​មានភ្លៀងធ្លាក់​ល្អ​ចាប់ពីដើមទីរហូតមក បានបង្កលក្ខណៈងាយស្រួល​ ដល់កសិករ​ដាំដុះច្រើន ហើយការប្រមូលផលច្បាស់ជាធ្វើឡើង ក្នុងពេលដំណាលគ្នា។

លោកបន្ថែមថា ក្នុងពេលប្រមូលផលស្រូវ ការដឹកជញ្ជូនក្នុងរដូវវស្សាមិនមែនជាការងាយស្រួលនោះទេ ដោយសារផ្លូវគមនាគមន៍ខ្លះ មានបញ្ហាពិបាកឆ្លងកាត់។

លោក ហេង ផេង ក៏បានសំណូមពរឲ្យអាជ្ញាធរត្រៀមលក្ខណៈ ដើម្បីជួយសម្រួលបញ្ហា​នេះ​ ក្នុងករណីកើតមានក្នុងពេល ប្រជាកសិករប្រមូលទិន្នផល ស្រូវសែន​ក្រអូប​ខាងមុខ។ ពេលភ្លៀងធ្លាក់ខ្លាំង គេនឹងបិទផ្លូវលំពីស្រែទៅកាន់ផ្លូវធំ ហើយគេត្រូវ​រង់ចាំរហូត ដល់ដល់មេឃរាំងភ្លៀងឬក៏ស្ងួតដី ទើបគេអនុញ្ញាត​ឲ្យដឹកជញ្ជូន។

លោកបញ្ជាក់ថា កត្តាខាងលើការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃតំលៃស្រូវ ដោយសារគុណភាពស្រូវរងផលប៉ះពាល់។ លើសពីនេះទៀត បើសិនមាន​ភ្លៀងធ្លាក់អូសបន្លាយពេលយូរ នៅពេលកសិករប្រមូលផល នៅពេលខាងមុខ កសិករនឹងចំណាយពេលយូរសម្រាប់ប្រមូលផល។ ទន្ទឹមគ្នានោះ ស្ថានភាពឡសំងួតមានកម្រិត ថវិកាសម្រាប់ធ្វើទុនបង្វិលក៏​មានកម្រិត និង ការដឹកជញ្ជូនយឺតយ៉ាវ នឹងធ្វើគុណភាពស្រូវធ្លាក់ចុះ។

សូមជម្រាបថា នៅកំឡុងខែកញ្ញា ឆ្នាំ២០១៦ បញ្ហានៃការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប បានធ្វើឲ្យប្រជាកសិករ ពិបាកយ៉ាងខ្លាំង ដែលពួកគាត់ ត្អូញត្អែរពីការខាតបង់។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសមួយ ដោយទម្លាក់ថវិកា ២៧លានដុល្លារ ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ ធ្វើប្រតិបត្តិការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពី ប្រជាកសិករ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនទូទៅរួមមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពាណិជ្ជករជាដើម បានជួយទិញអង្ករ សែនក្រអូបរបស់កសិករ ក្នុងគោលបំណងជួយដល់ កសិករខ្មែរ ដែលជួបប្រទះការធ្លាក់ចុះថ្លៃតម្លៃស្រូវ៕