(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានដាក់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះក្រសួង និងតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹង ជំរុញការអនុវត្តការងារចំនួន ១២ចំណុចសំខាន់ៗ។

លោករដ្ឋមន្រ្តីដាក់អនុសាសន៍នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានីខេត្ត និងតំណាងមកពីក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងផ្នែកឯកជន សរុបប្រមាណ ៣០០នាក់។

អង្គប្រជុំបានពិនិត្យ និងឆ្លុះបញ្ចាំងទៅលើរបាយការណ៍លទ្ធផល ដែលក្រសួងទេសចរណ៍សម្រេចបាននៅក្នុងឆមាសទី១ ឆ្នាំ២០១៧ អំពីបញ្ហាប្រឈម និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៧ ដែលឡើងរាយការណ៍សង្ខេបដោយអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សហកម្មទេសចរណ៍ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។

បន្ទាប់ពីលោក ហោ សារុន អនុរដ្ឋលេខាធិការ ឡើងរាយការណ៍ពីលទ្ធផលការងាររបស់គណៈកម្មាការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ និងការឡើងធ្វើបទបង្ហាញដោយលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ស្តីពីវឌ្ឍនភាពនៃដំណើរ ការរៀបចំចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៧ រួចមក លោក ថោង ខុន ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖

១៖ ពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងធ្វើឲ្យសេវាខិតជិតប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់សេវាសាធារណៈជូនអតិថិជន អាជីវករ និងសេវាករឲ្យបានលឿនរហ័ស និងមានតម្លាភាព។

២៖ ជំរុញការរៀបចំស្តង់ដារគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ (សេវាមួយ ស្តង់ដារមួយ) ពិសេសយកចិត្តទុកដាក់ដល់ស្តង់ដារ MICE ស្តង់ដារសណ្ឋាគារបៃតង និងជំរុញការរៀបចំស្តង់ដារសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក (River Cruise និង Ocean Cruise)។

៣៖ បន្តពង្រឹងយន្តការគ្រប់គ្រងមគ្គទ្ទេសក៍ទេសចរណ៍ តាមប្រព័ន្ធ QR Code ដោយត្រូវសហការគ្នាជាប្រព័ន្ធជាមួយនគរបាលទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ។ ជំរុញការបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍ បើកវគ្គវិក្រឹត្យការមគ្គទ្ទេសក៍ទេសចរណ៍ និងការរៀបចំប្រឡងជ្រើសរើសសេវាមគ្គទ្ទេសក៍ទេសចរណ៍ឆ្នើម។

៤៖ ជំរុញការបង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍

៥៖ ជំរុញចលនាទេសចរណ៍ក្នុងស្រុក ដោយសហការជាមួយផ្នែកឯកជនរៀបចំជាកញ្ចប់ទស្សនកិច្ចក្នុងស្រុក និងពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មាន និងបញ្ជរព័ត៌មានទេសចរណ៍នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស។

៦៖ ជំរុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដោយត្រូវធ្វើឲ្យមានការប្រែប្រួល និងមានស្តង់ដារច្បាស់លាស់ ពិសេសគឺត្រូវរៀបចំឲ្យមានអ្នកគ្រប់គ្រង (Site Manager) និងមានផែនការមេអភិវឌ្ឍន៍ (Master Plan) ព្រមទាំងជំរុញការរៀបចំ និងបង្កើតសហគមន៍ទេសចរណ៍ ដោយសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។

៧៖ បង្កើនការឃោសនា និងផ្សព្វផ្សាយទេសចរណ៍នៅតាមទីផ្សារទេសចរណ៍សំខាន់ៗ ពិសេសទីផ្សារចិន តាមរយៈការចូលរួមពិព័រណ៍ និងធ្វើ Road Show ពង្រឹងការផ្សព្វផ្សាយតាម Digital Marketing (Website, Facebook, Mobile App) ការផលិត Spot Video ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីយកទៅក្រៅប្រទេស និងការរៀបចំបង្កើតក្រុមប្រឹក្សា សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យបានរហ័ស។

៨៖ ជំរុញការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ នៅតាមរាជធានីខេត្តទាំងអស់ និងជំរុញទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។

៩៖ ជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ពហុភាគី ក្របខណ្ឌតំបន់ និងពិភពលោក។

១០៖ ជំរុញការរៀបចំបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាឲ្យបានច្រើន។

១១៖ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពិនិត្យ និងរៀបចំមន្រ្តីបម្រើការនៅតាមអង្គភាពនីមួយៗ ឲ្យស្របទៅនឹងសមត្ថភាព និងជំនាញជាក់ស្តែង។

១២៖ ពង្រឹងប្រសិទ្ធភាពការងាររបស់វិទ្យាស្ថានជាតិទេសចរណ៍ដែលទើបបង្កើតថ្មី។

ក្នុងរបាយការណ៍នៃកិច្ចប្រជុំនេះ បានបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែឧសភា មានភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាកម្ពុជាចំនួន ២,២៨៤,៦៣០នាក់ កើនឡើង ១២.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦៕