(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ១៦នាក់ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេមិនអាចទ្រាំទ្រ ជាមួយការងារបាន។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលការិនី-ពលករខ្មែរទាំង ១៦នាក់ ដែលជួយសង្រ្គោះ ឲ្យបានវិលមកស្រុកកំណើតវិញនេះរួមមាន៖
ទី១៖ ពលករចំនួន១៤នាក់ (ដូចមានរាយនាមភ្ជាប់ជាមួយ) មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅធ្វើការនៅលើទូកនេសាទថៃ កាលពីឆ្នាំ២០១៦។ ដោយសារធ្វើការលំបាកពេក នៅពេលទូកនេសាទ ចូលចតកំពង់ផែនៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី នៅខែមករា ឆ្នាំ២០១៧ ពលករទាំង១៤នាក់បានលួចរត់ចេញពីទូក។ អាជ្ញាធរម៉ាឡេស៊ី ចាត់ទុកករណីនេះ ជាការជួញដូរមនុស្ស ហើយបានបញ្ជូនពលករទាំងនោះទៅរដ្ឋ Melaka ដើម្បីធ្វើការស៊ើបអង្កេតតាមនីតិវិធី។ សំណុំរឿង ត្រូវបានបញ្ចប់នៅដើមខែកក្កដា ឆ្នាំ២០១៧នេះ។

ក្នុងរយៈពេលស៊ើបអង្កេត ស្ថានទូតបានផ្តល់អ្នកបកប្រែ ជួបសួរសុខទុក្ខពលករ និងផ្តល់លិខិតបើកផ្លូវ ជូនពលករចំនួន២នាក់ ដែលពុំមានលិខិតឆ្លងដែន។ ពលករទាំង១៤រូប បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥:៥៥នាទី តាមជើងយន្តហោះ AK534។

ទី២៖ ពលការិនី ឈ្មោះ ឡា ផល្លី អាយុ៣៩ឆ្នាំ មកពីខេត្តសៀមរាប បានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង និងធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ម្តាយនិយោជករបស់ពលការិនីបានទទួលមរណភាពដូចនេះនិយោជកបានយល់ព្រមឲ្យគាត់ត្រឡប់មកកម្ពុជា វិញជាមួយនឹងប្រាក់ខែគ្រប់ចំនួន។ ពលការិនី​ បានទៅស្ថានទូតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនី ឡា ផល្លី បានមកដល់អាកាសយានដ្ឋានខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៤:០៥នាទីតាមជើងយន្តហោះ AK540។

ទី៣៖ ពលការិនី ឈ្មោះ ប៉ែន សុខហេង អាយុ២៧ឆ្នាំ មកពីស្រុកអូរឬស្សី ខេត្តក្រចេះ បានទៅម៉ាឡេស៊ីដោយខុសច្បាប់តាមរយៈមេខ្យល់ និងធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ពលការិនីបានទទួលប្រាក់ខែគ្រប់ចំនួនពីនិយោជក ហើយដោយសារចង់ត្រឡប់មកកម្ពុជាវិញ នាងបានទៅស្ថានទូតនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។

ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ហើយពលការិនី ប៉ែន សុខហេង បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ AK536 ។
ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភាគសម្រាប់ពលការិនីទាំងពីរនាក់ខាងលើផងដែរ៕