(ភ្នំពេញ)៖ ម្ចាស់ផលិតកម្ម H2O (អេចធូអូ) លោក យិន សុខហេង បានសម្រេចចិត្តផ្សាភ្ជាប់ខ្លួនទៅនឹងព្រះធម៌ ដោយបានសាងផ្នូស​កាលពីពេលថ្មី២នេះ រយៈពេល៣ខែ ដើម្បីជាការតបស្នងសងគុណឪពុក-ម្ដាយ និងបំពេញនូវបុណ្យកុសលរបស់ខ្លួន ខណៈដែលការងារសិល្បៈទាក់ទង​នឹង​ការផលិតកុន ត្រូវបានពន្យារហូតដល់លោក លាចាកសិក្ខាបទវិញ ទើបបន្តផលិតភាពយន្ត បន្ថែមទៀត។

ក្នុងនាមជាព្រះសង្ឃ ព្រះតេជគុណ យិន សុខហេង ​មានសង្ឃដីកាប្រាប់ Fresh News ថា ​ព្រះអង្គសម្រេចចិត្តបួសនេះ គ្មានមូលផ្សេងក្រៅពីបួស ដើម្បីសងគុណឪពុក-ម្ដាយឡើយ ប៉ុន្តែប្រសិនបើមានឧបនិស្ស័យ ទៅលើព្រះពុទ្ធសាសនា លើព្រះធម៌ ព្រះអង្គនឹងបន្តសាង​ផ្នួសនេះ រហូតដល់១ឆ្នាំ ឬ៣ឆ្នាំ ដោយមិនកំណត់ពេល លាចាកសិក្ខាបទ​។

​ព្រះតេជគុណ យិន សុខហេង មានសង្ឃដីកាថា «អាត្មាបួសនេះតែ៣ខែទេ ដើម្បីសងគុណញោមស្រី តែបើមានឧបនិស្ស័យខ្លាំង លើព្រះពុទ្ធសាសនា អាត្មានឹងបន្តឲ្យបានវែង​ជាងនេះ។ ប៉ុន្តែអាត្មានៅតែស្រឡាញ់ការងារសិល្បៈ មិនអាចចោលបានឡើយ ហើយពេលលាចាកសិក្ខាបទវិញ អាត្មានឹងចាប់ដៃជាមួយ​ផលិតកម្ម BKS ផលិតរឿងថ្មីមួយ ដែលមានគុណភាពល្អ សម្រិតសម្រាំងខ្លាំងជាងមុន ដើម្បីប្រកួតប្រជែងលើទីផ្សារ​ភាពយន្ត..!»

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃ​ថ្មីៗនេះ បន្ទាប់ពីបានឃើញ លោក យិន សុខហេង ដែលត្រូវជាបងធម៌ លោក ឈុន សុវណ្ណភក្ដី ចាងហ្វាងផលិតកម្ម BKS គ្រងស្បង់ចីពរ មានមហាជនជាច្រើន សម្ដែងការភ្ញែកផ្អើល​យ៉ាងខ្លាំង ដោយនៅសុខៗ ស្រាប់តែឃើញចាង​ហ្វាងផលិតម្ម H2O ម្នាក់នេះ ទៅសាងផ្នួសជាព្រះសង្ឃទៅវិញ ដោយមិនបានដឹង​ពីមូលហេតុ។

ជុំវិញរឿងរាវមួយនេះ និងដើម្បីឲ្យមហាជនជ្រាប់កាន់តែច្បាស់ លោក ឈុន សុវណ្ណភក្ដី បានថ្លែងប្រាប់គេហទំព័រកំសាន្ដ Fresh News ថា «បងប្រុសធម៌របស់ខ្ញុំ គឺលោក យិន សុខហេង បួសដើម្បីសងគុណឪពុក-ម្ដាយរយៈពេល៣ខែ ក្រោយពីរូបគាត់ប្រឡងពេទ្យ (ទន្តបណ្ឌិត)ចប់។ កាលពីពេលថ្មីៗនេះ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល និង​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​បន្ទាប់​ពី​ឃើញ​បង​ប្រុស​ធម៌​ធ្វើ​នូវ​ទង្វើ​ដែល​ល្អ ​ចំពោះ​អ្នក​មាន​គុណ​​​»

លោក ឈុន សុវណ្ណភក្តី បន្ថែមថា «ខ្ញុំ​ និង​បង​ប្រុស​ធម៌​បាន​សន្យា​គ្នា​ថា ពេល​គាត់​​សាង​ផ្នួស​រួច​ហើយ​ គាត់​នឹង​វិល​ត្រឡប់​មក​​ចូល​សិល្បៈ​ ហើយ​ផលិត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​មួយ​រួម​​គ្នា​ជាមួយ​ និង​ខ្ញុំ»

គួរបញ្ជាក់ថា លោក យិន សុខហេង មិនត្រឹមតែមានមុខរបរជា ចាងហ្វាងផលិតកម្មនោះទេ គឺលោកថែមទាំងចេះជំនាញវិជ្ជាពេទ្យ (ពេទ្យធ្មេញ)ទៀតផង ដោយក្នុងនោះបន្ទាប់​ពី​បានសាងផ្នួសរយៈ​៣ខែរួចហើយ លោកនឹងចាប់អាជីពទាំងពេទ្យ និងផលិតខ្សែភាពយន្ដជាថ្មីម្ដងទៀត៕