(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួងសរុប ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានទូងស្គរ ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នៅក្នុងពិធីនោះរដ្ឋមន្រ្តី វង សូត បានសម្តែងការសាទរ ដែល «ប្រាសាទសំបូរព្រៃគុក» បានចុះបញ្ជី ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ លោករដ្ឋមន្រ្តីបន្តថា នេះគឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា និងជាការលើក មុខមាត់ ថែមមួយកំរិតទៀត នៅលើឆាកអន្តរជាតិ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏សូមអរគុណដល់ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម ខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ។

នៅព្រឹកថ្ងៃដដែលនេះដែរ ក៏មានថ្នាក់ដឹកនាំ និង មន្រ្តីរាជការតាមបណ្តាមន្ទីរក្រសួងនានា ក៏បានទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ការទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់មន្រ្តីគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នា រៀបចំពិធី អបអរសាទរ​ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលា ម៉ោង១០៖០០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ៕