(ភ្នំពេញ)៖ ខណៈប្រជាជនកម្ពុជាភាគច្រើនលើសលប់ រួមនឹងសហគមន៍អន្តរជាតិចូលរួមអបអរសាទរប្រទេសកម្ពុជា ដែលបានជោគជ័យក្នុងការដាក់ «តំបន់ប្រាសាទសំបូរព្រៃគុក» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ រហូតមកទល់ពេលនេះ សូម្បីពាក្យមួយម៉ាត់ក៏បក្សសង្គ្រោះជាតិ មិននិយាយអបអរសាទរផង ព្រោះទំនងដោយសារតែមិនមានអ្វីផ្តល់ផលចំណេញនយោបាយដល់គណបក្សខ្លួន និងក្រុមខ្លួន។ ការណ៍នេះបង្ហាញពីការខ្វះមនសិការស្នេហាជាតិពិត និងស្រឡាញ់វប្បធម៌របស់គណបក្សប្រឆាំងដែលផ្ទុយពីអ្វីដែលអណ្តាតរបស់ខ្លួនគ្រលាស់ថាស្រឡាញ់ជាតិ និងស្រឡាញ់វប្បធម៌។

តើចាំបាច់និយាយថាស្រឡាញ់ធ្វើអ្វី បើតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាស្នាដៃបុព្វបុរសខ្មែរ កេរតំណែលពីដូនតាត្រូវបានមនុស្ស ជាតិទាំងមូលទទួលស្គាល់ អបអរសាទរ ប៉ុន្តែក្រុមបក្សប្រឆាំងនៅកម្ពុជាមិនខ្វល់ នឹងសម្តែងនូវក្តីត្រេកអរដែលសម្បត្តិវប្បធម៌ជាតិ ត្រូវបានដាក់ជាបេតិកភណ្ឌពិភពលោក! ឬមួយបក្សប្រឆាំងមិន អបអរដោយសារតែខ្លាចថា ការអបអររបស់ខ្លួនក្លាយជាការសរសើរទៅលើកិច្ចការរបស់រាជរដ្ឋាភិបាល ទទួលស្គាល់សមត្ថភាពរបស់ រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ ខុសពីគោលការណ៍និយាយអ្វីដែលខ្មៅនិយមរបស់ខ្លួន វាយប្រហារ រិះគន់គ្មានមូលដ្ឋាន? បើដូច្នេះមែននោះ បក្សប្រឆាំងគ្រាន់តែជាកូនក្មេងបៀមដៃ ដែលមកចូលលេងក្នុងឆាកនយោបាយដោយមិនដឹងង៉ុងអ្វីទាំងអស់! ឯណាទៅអ្នកសេ្នហាជាតិ និងស្នេហាវប្បធម៌? ឬមានតែនៅលើបបូរមាត់?

មិនដឹងថាអ្វីដែលជាការប្រកួតប្រជែងនយោបាយ អ្វីដែលជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូលដែលខ្លួនត្រូវចូលរួមអបអរសាទរ ! នេះមិនមែនជាលើកទី១ទេ ដែលបក្សប្រឆាំងធ្វើមិនឃើញ ឬមិនទទួលស្គាល់សមិទ្ធផលជាតិធំៗ សូម្បីតែការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលទទួលជ័យលាភីពីការប្រកួតធំៗ នាំយកកិត្តិយសមកជូនជាតិក៏គ្មានផង! ប៉ុន្តែពួកគេរីករាយនឹងបំផ្លិចបំផ្លាញ កេរ្តិ៍ឈ្មោះជាតិ បង្កការចលាចល ញុះញង់ បំផ្លិចបំផ្លាញសមិទ្ធផលជាតិ ព្យាយាមនាំកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងបំផ្លាញការអភិវឌ្ឍ។

ប៉ុន្តែទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ និងបន្ត ពង្រីកផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិ និងមិនអនុញ្ញាតឱ្យជនអគតិ ១០០ ឬ ២០០ នាក់មកបំផ្លាញភាពសុខសាន្តរបស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ!

ពីប្រជាពលរដ្ឋអ្នកស្នេហាជាតិមួយរូប !