(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ នៅព្រឹកព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ករណីបាញ់ប្រហារជិត១០គ្រាប់ នាយប់មិញ ក្នុងសង្កាត់ចតុមុខ នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងពិនិត្យស្លាកលេខរថយន្ត ដើម្បីស្វែងរកអត្តសញ្ញាណជនបង្ក ចាត់វិធានការតាមផ្លូវច្បាប់។

លោកអធិការបានបញ្ជាក់ថា «ក្រោយកើតហេតុ នៅយប់មិញភ្លាម ស្ថិតនៅតាមផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខ្ញុំបានចុះផ្ទាល់នៅទីនោះ ដើម្បីប្រមូលភស្តុតាង ហើយក្រោយបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ នៅពេលនេះយើងកំពុងស្រាវជ្រាវតាមរកជនបង្កហេតុ»

សូមបញ្ជាក់ថា បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX330 បានដកកាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្បែរទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ហេតុការណ៌បាញ់នេះកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

មន្ត្រីអាវុធហត្ថបានថ្លែងឲ្យដឹងថា ករណីនេះមិនទាន់ដឹងមានរឿងអ្វីនោះទេ ដោយបុរសនោះបានបើករថយន្តមកដល់ត្រង់ចំណុចផ្លូវលេខ៥៥ កែងនិងផ្លូវ២៤២ ទល់មុខក្លឹបកំសាន្ត៥៥ ក៏ដកកាំភ្លើងបាញ់តែម្តង។

បើតាមមន្ត្រីអាវុធហត្ថមួយរូបដែលបានជិះម៉ូតូដេញពីក្រោយរថយន្ត ដែលផ្ទុះអាវុធខាងលើបានប្រាប់ថា រថយន្តបង្កម៉ាក Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981។