(កណ្តាល)៖ ដោយមាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​សុខទុក្ខ​របស់​កងកម្លាំង​ក្រោម​ឱវាទ ​និង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២៤ ​ថ្ងៃកំណើត​កងរាជអាវុធហត្ថ ​(១៤ ​កក្កដា ​១៩៩៣​-​១៤ ​កក្កដា ​២០១៧) ​ផង​នោះ ​លោក​ឧត្តមសេនីយ៍​ត្រី ​សំ ​តុលា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់  ​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​សួរសុខទុក្ខ ​និង​ចែក​អំណោយ​ដល់​នាយ​-​នាយរង​កងរាជអាវុធហត្ថ ​និង​ប្រជាជន​ដែល​មាន​ជំងឺ ​និង​មាន​ជីវភាព​ខ្វះខាត​។

ការចុះសួរសុខទុក្ខជាមួយសកម្មភាពសប្បុរសធម៌នេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ដែលមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ ចុះសួរសុខទុក្ខដល់នាយ-នាយរងកងរាជអាវុធហត្ថ និងប្រជាជនដែលមានជំងឺ មានជីវភាពខ្វះខាត ជួបការលំបាកចំនួន ១០គ្រួសារ ដល់លំនៅដ្ឋាន និងពិនិត្យមើលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋានស្រុករួមមាន៖ ស្រុកពញាឮចំនួន ២គ្រួសារ, ស្រុកអង្គស្នួលចំនួន ២គ្រួសារ, ស្រុកកណ្តាលស្ទឹងចំនួន ២គ្រួសារ, ស្រុកស្អាងចំនួន ៤គ្រួសារ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

សរុបទាំងអស់ចំនួន ១០គ្រួសារ មួយគ្រួសារៗទទួលបានថវិកា និងសម្ភារមួយចំនួន រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាមួយចំនួន សរុបជាថវិកាជាង ១២លានរៀល ដែលជាថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការស្រុក និងមានការចូលរួមឧបត្ថម្ភពីក្រុមសមាគមចិនបន្ថែមទៀតផង។

តំណាងគ្រួសារនាយ-នាយរងកងរាជអាវុធហត្ថ និងប្រជាជនដែលមានជំងឺ និងមានជីវភាពខ្វះខាតជួបការលំបាកទាំង ១០គ្រួសារ មានសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់លោកនាយឧត្តមសេនីយ៍ គន់ គីម លោកនាយឧត្តមសេនីយ៍ សៅ សុខា លោក ម៉ៅ ភិរុណ លោកឧត្តមសេនីយ៍ត្រី សំ តុលា និងកម្លាំងកងរាជអាវុធហត្ថទាំងអស់៕